ប្រទេសហ្វីលីពីន ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបានបញ្ជាឱ្យបង្កើនកម្លាំងកងទ័ពនៅលើកោះស្ថិតនៅភាគខាងជើងប្រទេស និងនៅក្បែរទឹកដីតៃវ៉ាន់ ដើម្បីបង្កើនសក្តានុពលការពារទឹកដីរបស់ហ្វីលីពីន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។
កងទ័ពជើងទឹកហ្វីលីពីនលើកឡើងថា លោក Gilbert Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិបានអំពាវនាវឱ្យពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅលើប្រជុំកោះ Batanes ដែលស្ថិតនៅឆ្ងាយពីតៃវ៉ាន់ មិនដល់២០០គីឡូម៉ែត្រ ។ លោក Gilbert Teodoro និយាយបែបនេះ ក្នុងអំឡុងពេលលោកធ្វើដំណើរទៅសួរសុខទុក្ខកងទ័ពជើងទឹកនៅទីនោះ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោកថ្លែងថា ៖ «យើងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៤ តទៅ គឺត្រូវបង្កើនការប្រតិបត្តិការរបស់កងទ័ពហ្វីលីពីន» ។![]()
ច្រកសមុទ្រ Bashi Channel បានបែងចែករវាងប្រជុំកោះភាគខាងជើងរបស់ហ្វីលីពីនជាមួយតៃវ៉ាន់ ត្រូវបានគេចាត់ទុកថា គឺជាច្រកសមុទ្រដ៏សំខាន់មួយផ្នែកយុទ្ធសាស្ត្រ (Choke Point) ដោយសារច្រកនេះជាផ្លូវឆ្លងកាត់របស់កប៉ាល់បើកបរទៅមករវាងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង ។ រីឯកងទ័ពចិនបានបញ្ជូនកប៉ាល់ និងយន្តហោះមកប្រតិបត្តិការនៅច្រកសមុទ្រនេះជាប្រចាំ ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កងទ័ពហ្វីលីពីន និងអាមេរិកបានអនុវត្តបេសកកម្មឃ្លាំមើលរួមគ្នាក្នុងដែនទឹកភាគខាងជើងបំផុតរបស់ប្រជុំកោះហ្វីលីពីន ។
លោក Gilbert Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា ៖ «ប្រជុំកោះ Batanes ចាត់ទុកថា គឺជាការត្រួសត្រាយផ្លូវរបស់ហ្វីលីពីន ទាក់ទងនឹងមូលដ្ឋានទ័ពភាគខាងជើងប្រទេស» ។ ចំណែកកងទ័ពជើងទឹកនិយាយថា ៖ «ការមកកាន់កោះ Batanes របស់រដ្ឋមន្ត្រីក្រសួងការពារជាតិលើកនេះ គឺជាការបញ្ជាក់ពីស្មារតីស្នេហាជាតិរបស់ជនជាតិហ្វីលីពីនក្នុងការការពារទឹកដី និងសន្តិសុខជាតិ» ។
សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែសីហា ឆ្នាំ២០២៣ ថា កងទ័ពអាមេរិកបានចរចាជាមួយប្រទេសហ្វីលីពីន ដើម្បីសុំអភិវឌ្ឍន៍កំពង់ផែសម្រាប់ជនស៊ីវិលនៅលើកោះ Batanes ។ វានឹងជួយបើកផ្លូវឱ្យអាមេរិកងាយស្រួលចូលមកកាន់កោះសំខាន់ផ្នែកយុទ្ធសាស្ត្រ និងជាតំបន់នៅក្បែរតៃវ៉ាន់ផងដែរ ។
កាលពីឆ្នាំ២០២៣ រដ្ឋាភិបាលហ្វីលីពីនបានអនុញ្ញាតឱ្យកងទ័ពអាមេរិកចូលទៅកាន់មូលដ្ឋានទ័ពហ្វីលីពីនច្រើនជាងមុន រួមទាំងមូលដ្ឋានទ័ពចំនួន៣កន្លែងផងដែរ ដែលមានទីតាំងនៅទល់មុខតៃវ៉ាន់ ។ រីឯប្រទេសចិនអះអាងថា តៃវ៉ាន់ គឺជាទឹកដីរបស់ខ្លួន ហើយចិនបានរិះគន់ការបង្កើនចំនួនទ័ពរបស់ហ្វីលីពីនថា គឺជាការបង្កាត់ភ្លើងបង្កឱ្យមានភាពតានតឹងក្នុងតំបន់ ។
គួរបញ្ជាក់ថា នៅប្រជុំកោះ Batanes គឺជាកន្លែងធ្វើសមយុទ្ធកងទ័ពរួមគ្នារបស់ហ្វីលីពីន និងអាមេរិក ក្រោមឈ្មោះ «Balikatan» ដែលមានកងទ័ពហ្វីលីពីន និងអាមេរិកចូលរួមធ្វើសមយុទ្ធជាង១៧.០០០នាក់ កាលពីឆ្នាំ២០២៣ ៕










