ប្រទេសចិន ៖ បុគ្គលិកក្រុមហ៊ុន China Railway Kunming Group លើកឡើងថា រថភ្លើងល្បឿនលឿនធ្វើដំណើរឆ្លងកាត់ព្រំដែនចិន និងឡាវ បានត្រៀមកៅអីបន្ថែមទៀតសម្រាប់ទទួលអ្នកដំណើរបរទេស ដើម្បីបំពេញតម្រូវការការធ្វើដំណើររវាងប្រទេសទាំងពីរ ដែលអាចកើនឡើងពេលបុណ្យចូលឆ្នាំចិន នៅខែកុម្ភៈ ឆ្នាំ២០២៤ ។

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ គឺជាថ្ងៃដំបូងដែលជនជាតិចិនជាច្រើននាក់ចាប់ផ្តើមធ្វើដំណើរតាមរថភ្លើងល្បឿនលឿន ហើយក្រុមហ៊ុន China Railway Kunming Group បានបន្ថែមកៅអីពី៥០ រហូតដល់៣៥០កៅអី សម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងទីក្រុងគុនមីង ខេត្តយូណាន ជាមួយទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។

រថភ្លើងល្បឿនលឿននេះបានផ្តល់សេវាកម្មធ្វើដំណើរទៅមករវាងទីក្រុងគុនមីង និងទីក្រុងវៀងច័ន្ទ ជារៀងរាល់ថ្ងៃ ហើយក្នុង១ថ្ងៃ រថភ្លើងនេះរត់១ជើង ។ ការធ្វើដំណើររវាងទីក្រុងទាំងពីរបានចំណាយពេលប្រមាណ៩ម៉ោងនិង៣០នាទី ។

បើតាមទិន្នន័យរបស់ក្រុមហ៊ុនរថភ្លើងនៅទីក្រុងគុនមីងបង្ហាញថា តម្រូវការធ្វើដំណើរឆ្លងកាត់ព្រំដែនតាមរថភ្លើងចិន-ឡាវ បានកើនឡើងខ្លាំងក្នុងអំឡុងពេលលំហូរចូលនៃភ្ញៀវទេសចរ ។ ហេតុនេះ ភ្ញៀវទេសចរបានរៀបចំគម្រោងការធ្វើដំណើររបស់ពួកគេទុកជាមុន ។

ទោះយ៉ាងណា ការជ្រើសរើសធ្វើដំណើរតាមរថភ្លើងពេលចូលឆ្នាំចិន គឺជាលើកដំបូងហើយ តាំងពីការផ្តល់សេវាកម្មដឹកអ្នកដំណើរឆ្លងប្រទេសរបស់រថភ្លើងចិន-ឡាវ ។ កាលពីខែមេសា ឆ្នាំ២០២៣ បុគ្គលិករថភ្លើងក៏បានត្រៀមខ្លួនផងដែរសម្រាប់ផ្តល់សេវាកម្មដឹកអ្នកដំណើរយ៉ាងច្រើននៅឆ្នាំ២០២៤ ។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន China Railway Kunming Group បង្ហាញថា រថភ្លើងបានដឹកអ្នកដំណើរឆ្លងប្រទេស ចំនួន១២ម៉ឺន៥ពាន់ជើងនាពេលកន្លងមក ហើយអ្នកដំណើរភាគច្រើនមកពីប្រទេសចិន, ឡាវ, ថៃ និងសិង្ហបុរី ៕