ប្រទេសចិន៖ ហាងកាហ្វេមួយកន្លែងនៅក្នុងប្រទេសចិនបានចេញមីនុយថ្មីជាមួយនឹងការលក់កាហ្វេទឹកកករសជាតិម្ទេស កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសចិន ដោយភេសជ្ជៈប្លែកៗនេះលក់បានរហូតដល់ ៣០០ ពែងក្នុងមួយថ្ងៃ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាម South China Morning Post បានឱ្យដឹងថា ហាងកាហ្វេ Jingshi ស្ថិតនៅទីក្រុង Ganzhou ខេត្ត Jiangxi ភាគខាងកើតប្រទេសចិន បានបើកដំណើរការឡាតេហឹរតាំងពីខែធ្នូឆ្នាំមុនមកម្លេះ ប៉ុន្តែមីនុយកាហ្វេនេះទើបតែពេញនិយមខ្លាំងនាពេលថ្មីៗនេះនៅក្នុងប្រទេសចិន ដោយលក់បានរហូតដល់ ៣០០ ពែងក្នុងមួយថ្ងៃ។
យោងតាមវីដេអូឃ្លីបដ៏ល្បីមួយនៅលើ Douyin បានបង្ហាញឱ្យឃើញថា បុគ្គលិករបស់ហាងបានដាក់ម្ទេសហាន់ចូលទៅក្នុងពែងឡាតេទឹកកក បន្ទាប់មកចាក់ម្សៅម្ទេសចូលទៅក្នុងភេសជ្ជៈមុនពេលបម្រើដល់អតិថិជន។ កាហ្វេទឹកកករសជាតិម្ទេស ឬកាហ្វេហឹរ ជាទូទៅមានតម្លៃប្រហែល ២០ យន់ (ប្រមាណ ២.៨០ ដុល្លារអាមេរិក) ក្នុងមួយពែង ហើយត្រូវបានគេហៅថា Jiangxi Spicy Latte ។
កាហ្វេពិសេសពី Jingshi Coffee នេះបានបំពេញតាមរសជាតិរបស់អតិថិជននៅតំបន់អាហារដែលមានរសជាតិហិរបំផុតក្នុងប្រទេសចិន ដូច្នេះហើយតែងតែមានមនុស្សជាច្រើនមករីករាយជាមួយវាជារៀងរាល់ថ្ងៃ។
អតិថិជនភាគច្រើនបន្ទាប់ពីរីករាយជាមួយភេសជ្ជៈនេះបានផ្តល់មតិវិជ្ជមានថា “ខ្ញុំមិនគិតថាវាហឹរខ្លាំងទេ ផ្ទុយទៅវិញវាមានរសជាតិឆ្ងាញ់ ហើយកាហ្វេនេះមិនចម្លែកដូចមនុស្សគិតនោះទេ»។ អ្នកខ្លះទៀតក៏និយាយថា “ឡាតេថ្មីនេះមិនអាក្រក់ទេ វាមានរសជាតិហឹរ និងផ្អែមបន្តិច “។
គួរបញ្ជាក់ដែរថា នេះមិនមែនជាមីនុយប្លែកជាងគេនោះទេ ការរួមផ្សំប្រកបដោយការច្នៃប្រឌិតនៃកាហ្វេ និងរសជាតិកម្របានបង្ហាញខ្លួននៅទូទាំងប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅខែកញ្ញា ឆ្នាំ ២០២៣ មនុស្សជាច្រើនបានរង់ចាំជាជួរអស់រយៈពេលជាច្រើនម៉ោង ដើម្បីទិញកាហ្វេប្រភេទថ្មីលាយជាមួយស្រា Maotai។
ក្នុងឆ្នាំដដែលនោះ ហាងកាហ្វេមួយកន្លែងក្នុងខេត្ត Zhejiang បានលាយពងមាន់ដុតជាមួយកាហ្វេឡាតាំង ហើយហាងជាច្រើនទៀតមិនយូរប៉ុន្មានក៏ធ្វើតាម។ នៅឆ្នាំ ២០២១ ហាងកាហ្វេមួយនៅក្នុងខេត្ត Shanxi ក៏បានបន្ថែមទឹកខ្មេះទៅកាហ្វេ Americano របស់ខ្លួនផងដែរ ដោយសារតំបន់នេះល្បីល្បាញសម្រាប់ផលិតផលទឹកខ្មេះ ហើយមនុស្សជាច្រើនចូលចិត្តជ្រលក់អ្វីគ្រប់យ៉ាងនៅក្នុងអាហាររបស់ពួកគេជាមួយនឹងទឹកខ្មេះ៕










