តារាចម្រៀងវ័យក្មេង ឃុយ ម៉ីហៀង អតីតបេក្ខភាព The Voice Kids Cambodia បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ជាថ្មីទៅលើទឹកដមសំឡេងរបស់នាងតាមបែបរដឺនទៅលើបទចម្រៀងមួយបទមានចំណងជើងថា «លង់ស្នេហ៍កំលោះសុរិន» ដែលជាបទកំពុងទទួលបានការគាំទ្រផ្ទុះខ្លាំងនៅលើបណ្តាញសង្គមទិកតុក ។  តារាចម្រៀង អេង ស្រីអូន ត្រូវបានទស្សនិកស្គាល់ភាគច្រើនទៅលើបទចម្រៀង «អូនមិនមែនជាធនាគារ » និងបទ«ថែអូនផងទាន់អូនស្រលាញ់ខ្លាំង» រួមទាំងបទចម្រៀងមួយចំនួនទៀត។ នាពេលថ្មីៗនេះបទរបស់នាងមានចំណងជើងថា «លង់ស្នេហ៍កំលោះសុរិន» បានផ្ទុះខ្លាំងនៅលើបណ្តាញសង្គមឡើងវិញ បន្ទាប់ពីបទនេះបានចេញតាំងពីខែធ្នូ ឆ្នាំ២០២០។

ទន្ទឹមនឹងបទចម្រៀង «លង់ស្នេហ៍កំលោះសុរិន» ផ្ទុះការគាំទ្រ ទស្សនិកជនក៏បានចាប់អារម្មណ៍ជាថ្មីទៅលើតារាចម្រៀងវ័យក្មេង ឃុយ ម៉ីហៀង បន្ទាប់ពីនាងបង្ហើរសំឡេង ទៅលើបទចម្រៀងនេះនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍មួយ។ អ្នកលេងបណ្តាញសង្គមបានកោតសរសើរទឹកដមសំឡេងរបស់ ឃុយ ម៉ីហៀង ច្រៀងបានយ៉ាងពីរោះ អមជាមួយឈុតសមសួនទៀតកាន់តែទាក់ទាញចំណាប់អារម្មណ៍។ អ្នកលេងបណ្តាញសង្គមខ្លះទៀតក៏បានលើកឡើងដែរថា ល្បីបែបថ្លៃថ្នូរសមសួនមិនដូចជាអ្នកមួយចំនួនល្បីបែបមិនសមរម្យ។

គេចាំបានថា កាលពីមួយរយៈមុន ឃុយ ម៉ីហៀង បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីច្រៀង Cover ដោយគ្មានភ្លេងទៅលើបទ ចន្ទ្រារំពឹង របស់អ្នកនាង ចេន សាយចៃ។ មិនត្រឹមតែប៉ុណ្ណោះ ជារឿយៗ ម៉ីហៀង តែងតែទទួលបានការសរសើរពីអ្នកលេងបណ្តាញសង្គមក្រោយពីនាងបង្ហើរសំឡេងខ្លីៗតាមរយៈបទជាតិនិងអន្តរជាតិបង្ហោះនៅលើបណ្តាញសង្គមទិកតុក៕