ប្រទេសចិន ៖ ស្ត្រីចំណាស់ជនជាតិចិនម្នាក់បានសម្រេចចិត្តប្រគល់មរតកទាំងអស់ដែលមានតម្លៃ២០លានយាន់ទៅឱ្យសត្វឆ្កែ និងឆ្មាដែលខ្លួនចិញ្ចឹមវិញ ដោយគាត់លើកហេតុផលថា មានតែពួកវាប៉ុណ្ណោះដែលធ្វើជាមិត្តរបស់គាត់រហូតមក ខណៈកូនគាត់ចំនួន៣នាក់ មិនធ្លាប់បានមើលថែទាំម្តាយឡើយ ។
សារព័ត៌មានបរទេសរាយការណ៍ថា ស្ត្រីជរាឈ្មោះ ស៊ែ លីវ រស់នៅទីក្រុងសៀងហៃ បានធ្វើលិខិតផ្ទេរមរតកទាំងអស់ឱ្យកូនចំនួន៣នាក់ កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែក្រោយមក គាត់ក៏ប្តូរចិត្តវិញ ក្រោយពីកូនៗទាំងអស់មិនយកចិត្តទុកដាក់ថែទាំគាត់ និងទុកឱ្យគាត់រស់នៅជាមួយសត្វចិញ្ចឹម ។
ស្ត្រីចំណាស់និយាយថា កូនទាំង៣នាក់មិនធ្លាប់មកសួរសុខទុក្ខគាត់សោះ ហើយនៅពេលគាត់ឈឺម្តងៗ ពួកគេមិនធ្លាប់ជូនគាត់ទៅមន្ទីរពេទ្យទេ ។ លើសពីនេះ សូម្បីតែការទំនាក់ទំនងមករកម្តាយខ្លះ ក៏គ្មានដែរ ទើបគាត់សម្រេចចិត្តប្រគល់ទ្រព្យសម្បត្តិទាំងអស់ទៅឱ្យឆ្កែ និងឆ្មាវិញ ព្រោះមានតែពួកវានេះហើយ ដែលនៅក្បែរគាត់រហូតមក ។ គាត់ចង់ឱ្យឆ្កែ និងឆ្មាទាំងនេះ ព្រមទាំងកូនៗរបស់វាបានរស់នៅសុខសប្បាយ ក្រោយពីគាត់ចែកឋានទៅ ។
ប៉ុន្តែគោលបំណងរបស់គាត់ពុំបានសម្រេចទេ ពីព្រោះច្បាប់របស់ចិនបានហាមបុគ្គលណាម្នាក់ប្រគល់ទ្រព្យសម្បត្តិឱ្យសត្វចិញ្ចឹមដោយផ្ទាល់ ។ ក្រោយមក ស្ត្រីចំណាស់ក៏បានប្រឹក្សាយោបល់ជាមួយមេធាវី និងប្រគល់តួនាទីទៅឱ្យគ្លីនិកព្យាបាលសត្វមួយកន្លែងជាអ្នកគ្រប់គ្រងមរតក និងបំពេញតួនាទីថែទាំសត្វចិញ្ចឹមដែលគាត់ស្រឡាញ់ ។
មន្ត្រីការិយាល័យផ្ទេរមរតកនៅទីក្រុងប៉េកាំងបាននិយាយមកកាន់សារព័ត៌មាន South China Morning Post ថា ការផ្ទេរមរតករបស់អ្នកស្រី ស៊ែ លីវ នាពេលបច្ចុប្បន្ន ធ្វើឱ្យទ្រព្យសម្បត្តិរបស់គាត់ប្រឈមនឹងហានិភ័យ ។ ហេតុនេះ ការិយាល័យផ្ទេរមរតកបានប្រាប់ឱ្យគាត់ជ្រើសរើសបុគ្គលទុកចិត្តណាម្នាក់មកគ្រប់គ្រងមរតករបស់គាត់នៅគ្លីនិកបន្ថែមទៀត ។ រីឯអ្នកជំនាញផ្នែកច្បាប់ម្នាក់ទៀតបានណែនាំឱ្យកូនៗរបស់គាត់ ប្រញាប់ទៅជួយថែទាំម្តាយដើម្បីឱ្យគាត់ប្តូរចិត្តវិញ ហើយប្រគល់មរតកឱ្យកូនម្តងទៀត ។
រឿងរ៉ាវរបស់ស្ត្រីចំណាស់ម្នាក់នេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនជាច្រើននាក់មានអារម្មណ៍សោកសៅ ហើយមនុស្សភាគច្រើនប្រាប់ថា អាណិតគាត់ខ្លាំងណាស់ ដែលជួបនឹងស្ថានការណ៍បែបនេះ ។ គេចាត់ទុកថា ការដឹងគុណមាតា បិតា គឺជាគុណធម៌មួយនៅក្នុងសង្គមចិន ហើយកូនចៅដែលមិនមើលថែឪពុក-ម្តាយចាស់ជរា គឺពួកគេខុសច្បាប់នៅប្រទេសចិន ៕










