ប្រទេសថៃ៖ តុលាការថៃបានកាត់ទោសបុរសម្នាក់ដែលរិះគន់របបរាជានិយមឱ្យជាប់ពន្ធនាគារ ៥០ ឆ្នាំ ជាការកាត់ទោសធ្ងន់បំផុតមិនធ្លាប់មានក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍ក្នុងទីក្រុងឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ បានកាត់ទោសលោក Mongkol Thirakot អាយុ ៣០ឆ្នាំ ពីបទបង្ហោះហ្វេសប៊ុកប្រមាថព្រះរាជវង្ស ដោយសាលាដំបូងបានកាត់ទោសលោក មង្គល ឱ្យជាប់ពន្ធនាគារ ២៨ ឆ្នាំ។ ទោះជាយ៉ាងណា ក្នុងដំណើរការនៃបណ្តឹងឧទ្ធរណ៍ គាត់ត្រូវបានរកឃើញថាមានពិរុទ្ធបទល្មើសបន្ថែមចំនួន ១១។
យោងតាមក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស (TLHR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាលាឧទ្ធរណ៍បានកាត់ទោស Mongkol Thirakot ឱ្យជាប់ពន្ធនាគារ ២២ឆ្នាំបន្ថែម តាមមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ចំពោះការបង្ហោះចំនួន ២៧ លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បូករួមនឹងទោស ២៨ ឆ្នាំ ដែលតុលាការសាលាដំបូងបានកំណត់កាលពីមុន ដូច្នេះទោសជាប់ពន្ធនាគារសរុបរបស់គាត់គឺ ៥០ ឆ្នាំ។
យោងតាម TLHR នេះគឺជាការកាត់ទោសដាក់ពន្ធនាគារធ្ងន់បំផុតដែលត្រូវបានផ្តល់ឱ្យទាក់ទងនឹងឧក្រិដ្ឋកម្មនៃការប្រមាថព្រះមហាក្សត្រដែលបានបញ្ជាក់នៅក្នុងមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ។ Mongkol Thirakot គឺជាម្ចាស់ហាងលក់សម្លៀកបំពាក់អនឡាញ ត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០២១ ក្នុងពេលតវ៉ាទាមទារកំណែទម្រង់ព្រះមហាក្សត្រ ក៏ដូចជាផ្តួចផ្តើមគំនិតឱ្យមានការលុបចោលច្បាប់ប្រមាថព្រះមហាក្សត្រកាលពីឆ្នាំ២០២០-២០២១។
គួរបញ្ជាក់ដែរថា ប្រទេសថៃ ជាប្រទេសដែលមានច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រតឹងរ៉ឹងបំផុតក្នុងពិភពលោក។ បន្ទាប់ពីចលនាតវ៉ាឆ្នាំ ២០២០ ប្រទេសនេះរឹតបន្តឹងច្បាប់ប្រមាថព្រះមហាក្សត្រ និងបង្កើនការដោះស្រាយអ្នកបំពាន។ អាជ្ញាធរថៃបានកាត់ទោសសកម្មជនចំនួន ២៥០ នាក់ពីបទរំលោភលើមាត្រា ១១២ និងដាក់គុកមេដឹកនាំចលនាជាច្រើនរួមទាំងមេធាវីសិទ្ធិមនុស្ស Anon Numpa ផងដែរ៕










