ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃបានសរសេរសារក្នុងបណ្តាញសង្គម ក្រោយពីលោកជួបជាមួយលោក Bernard Mensah ប្រធានធនាគារអន្តរជាតិអាមេរិក ក្នុងអំឡុងពេលកិច្ចប្រជុំ World Economic Forum (WEF) ប្រចាំឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។
លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា ធនាគារអន្តរជាតិអាមេរិក គឺជាធនាគារធំមួយនៅលើពិភពលោក និងមានសាខានៅប្រទេសថៃ ។ ធនាគារនេះបានគាំទ្រការវិនិយោគរបស់ក្រុមហ៊ុនថៃនៅក្រៅប្រទេស និងជំរុញការវិនិយោគពីបរទេសនៅប្រទេសថៃ ។ ធនាគារនេះបានស្នើឱ្យប្រទេសថៃរៀបចំ Road Show ផងដែរ ដើម្បីបង្ហាញទិដ្ឋភាពរួមនៃការវិនិយោគទាំងអស់ ។
បន្ទាប់មក លោកនាយករដ្ឋមន្ត្រីថៃ ក៏បានលើកឡើងពីការពិភាក្សាជាមួយនាយកគ្រប់គ្រងក្រុមហ៊ុន Telenor ថា ៖ «ក្រុមហ៊ុន Telenor មានទំនុកចិត្តលើសក្តានុពលប្រទេសថៃ ។ បើតាមការពិភាក្សាជាមួយនាយកក្រុមហ៊ុននេះឃើញថា យើងត្រូវតែលើកកម្ពស់ Startup និងផ្តល់ឱ្យសហគ្រិនទទួលបាននូវគំនិតច្នៃប្រឌិតថ្មីៗដែលជាផ្នែកសំខាន់ និងកសាងមូលដ្ឋាននៃសេដ្ឋកិច្ចឌីជីថល ។ លើសពីនេះ យើងនឹងជំរុញ Startup របស់ថៃឱ្យទទួលបានជោគជ័យកម្រិត Unicorn ផងដែរ ។ រីឯក្រុមហ៊ុន Telenor រីករាយនឹងគាំទ្រ Startup របស់ថៃ» ។
លោកនាយករដ្ឋមន្ត្រីថៃ ក៏បានលើកឡើងពីការជួបជាមួយលោក James Quincey នាយកក្រុមហ៊ុន Coca-Cola ដែលជាក្រុមហ៊ុនភេសជ្ជៈធំបំផុតនៅលើពិភពលោក និងជាម្ចាស់ ឬមានលិខិតអនុញ្ញាតផ្នែកភេសជ្ជៈជាង២០០ម៉ាក ហើយក្រុមហ៊ុននេះបានដំណើរការនៅប្រទេសថៃ តាំងពីឆ្នាំ១៩៩០ មកម៉្លេះ ។ ក្រុមហ៊ុន Coca-Cola បានផ្តល់ភាពសំខាន់លើនិរន្តរភាព និងពិភាក្សាអំពីប្រធានបទប្រើប្រាស់ដបផ្លាស្ទិក ដើម្បីចៀសវាងការបំពុលបរិស្ថាន ។
ក្រុមហ៊ុន Coca-Cola មានគម្រោងបង្កើនការវិនិយោគនៅប្រទេសថៃ ហើយថៃត្រៀមខ្លួនដើម្បីក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់ (Regional Hub) ពីព្រោះបច្ចុប្បន្ន រដ្ឋាភិបាលថៃមានគោលនយោបាយជំរុញពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងធ្វើឱ្យការដឹកជញ្ជូនទំនិញរវាងប្រទេសជិតខាងមានភាពងាយស្រួល ដូចជា ៖ បញ្ហាពន្ធគយ និងផ្នែកផ្សេងៗ ។
ក្រៅពីនេះ ក្រុមហ៊ុន Coca-Cola ក៏បានលើកឡើងពីគំនិត Water Resilience គឺជាការបញ្ជូនទឹកត្រឡប់ទៅកាន់ធម្មជាតិវិញ ដែលមានបរិមាណច្រើនជាងបរិមាណប្រើប្រាស់ ដើម្បីឱ្យធម្មជាតិមានតុល្យភាព ។ លោកនាយករដ្ឋមន្ត្រីថៃយល់ព្រមឱ្យក្រុមការងាររបស់ក្រុមហ៊ុននេះចូលមកសិក្សាស្រាវជ្រាវ ដើម្បីធ្វើគម្រោងសាកល្បងនៅប្រទេសថៃ ។
ចុងក្រោយ លោកនាយករដ្ឋមន្ត្រីថៃបានជួបជាមួយលោក Marcus Wallenberg នាយកក្រុមហ៊ុន SAAB និងជានាយកគណៈកម្មការធនាគារ Skandinaviska Enskilda Banken (SEB) ដែលជាធនាគារជួរមុខរបស់ប្រទេសស៊ុយអែត ។ លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា ការជួបជាមួយលោក Marcus Wallenberg ចាត់ទុកថា ជាជំនួបមួយគួរឱ្យចាប់អារម្មណ៍ ពីព្រោះលោកជាអ្នកជំនួញមានសមត្ថភាពខ្ពស់ ហើយលោកជាប្រធានក្រុមហ៊ុនធំៗជាច្រើននៅប្រទេសស៊ុយអែត ដែលប្រកបអាជីវកម្មលើផ្នែក SAAB ABB AstraZeneca ។
ក្រៅពីនេះ លោក Marcus Wallenberg បានធ្វើជំនួញក្នុងបណ្តាញលក់យន្តហោះ និងនាវាងូតទឹកផងដែរ ហើយលោករីករាយគាំទ្រ និងពិចារណាបង្កើនការវិនិយោគលើផ្នែកផ្សេៗនៅប្រទេសថៃ ៕










