បរទេស៖ ក្រុមហ៊ុនកសិកម្មមួយក្នុងខេត្ត Jiangxi ប្រទេសចិនបានរៀបចំពិធីប្រគល់រង្វាន់ជាសាច់ប្រាក់សម្រាប់កសិករ ដែលមានតម្លៃសរុប ១១.៦៩ លានយ័ន (ប្រមាណ ១.៦៤ លានដុល្លារអាមេរិក) បន្ទាប់ពីប្រមូលផលបានមួយឆ្នាំ។
កាលពីថ្ងៃទី ៨ ខែមករាប្រធានពិធីចែកប្រាក់រង្វាន់របស់ក្រុមហ៊ុន Green Agriculture នៅស្រុក An Nghi ខេត្ត Jiangxi បានផ្តល់រង្វាន់ឱ្យកសិកររាប់រយនាក់ ដើម្បីលើកទឹកឱ្យកសិករប្រឹងប្រែងធ្វើការឱ្យល្អបន្ថែមទៀត។ ពលរដ្ឋដែលធ្វើការឱ្យក្រុមហ៊ុន Green Agriculture បាននិយាយថា នេះគឺជាឆ្នាំទី ១៣ ជាប់គ្នាហើយដែលក្រុមហ៊ុនបានចែកប្រាក់បំណាច់ឆ្នាំដល់កសិករ។
លោក La Ke Ha ដែលជាប្រធានក្រុមហ៊ុនកសិកម្ម Green Agriculture បាននិយាយថា កាលពី ១០ ឆ្នាំមុនគាត់មានផ្ទៃដីត្រឹមតែ ៤ ពាន់ហិចតាប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នវាកើនឡើងរហូតដល់ទៅ ៦ ម៉ឺនហិចតាដោយសារតែការខិតខំប្រឹងប្រែងរបស់កសិករ។ ដោយឆ្នាំនេះ ប្រាក់រង្វាន់បំណាច់ឆ្នាំសម្រាប់កសិករក៏បានកើនឡើងពីជាង ៥០០,០០០ យន់ ទៅរាប់លានយន់ ជាមួយនឹងចំនួនសរុប ៥៤ លានយន់ (ប្រមាណ ៧.៦ លានដុល្លារអាមេរិក) ផងដែរ។ ប្រធានក្រុមហ៊ុនកសិកម្មរូបនេះក៏បានបន្តទៀតថា «ឆ្នាំនេះលោកមានគម្រោងបង្កើនផ្ទៃដីដាំដុះ ៦០០០ ហិចតាបន្ថែមទៀតដែលនាំឱ្យកសិករកាន់តែច្រើនធ្វើកសិកម្មជាមួយគ្នា»។
ក្រុមហ៊ុនក៏បានបន្តកែលម្អបច្ចេកទេស ប្រើប្រាស់ពូជស្រូវថ្មីដែលផ្តល់ទិន្នផលខ្ពស់ ធ្វើឱ្យប្រសើរឡើងនូវគ្រឿងចក្រ និងឧបករណ៍ លើកកម្ពស់ស្តង់ដារវាល ព្រមទាំងសហការជាមួយទីភ្នាក់ងារស្រាវជ្រាវ និងបញ្ជូនបុគ្គលិកទៅបណ្តុះបណ្តាលបច្ចេកទេស និងបណ្តុះបណ្តាលដល់កសិករជំនាន់ថ្មីផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនបានសហការជាមួយកសិករជាង ៣០០ នាក់ ដោយក្រុមហ៊ុនបានបែងចែកដីស្រែជាដីឡូតិ៍ឱ្យទៅកសិករនីមួយៗដើម្បីកាន់កាប់ ចំពោះប្រាក់ខែគោលវិញគឺ ៥,០០០ យន់ (ប្រមាណ ៧០០ ដុល្លារអាមេរិក) ក្នុងមួយខែ រីឯប្រាក់រង្វាន់នឹងត្រូវប្រគល់ឱ្យនៅចុងឆ្នាំដោយផ្អែកលើទិន្នផលលើសពីផែនការ៕










