ប្រទេសឥណ្ឌា ៖ ក្រុមហ៊ុន Starbucks គ្រោងពង្រីកសាខានៅប្រទេសឥណ្ឌា ចំនួន១.០០០កន្លែងក្នុងឆ្នាំ២០២៨ ក្រោយពីពលរដ្ឋឥណ្ឌាមានជីវភាពមធ្យមនិយមផឹកកាហ្វេកាន់តែច្រើន ។ ការពង្រីកសាខានេះ នឹងធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាទីផ្សារកាហ្វេក្រៅប្រទេសដ៏ធំមួយរបស់ក្រុមហ៊ុន Starbucks ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។
សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន Starbucks មានផែនការពង្រីកសាខានៅប្រទេសឥណ្ឌា លើសមុនទ្វេដងក្នុងរយៈពេល៤ឆ្នាំ ដោយសារចំនួនពលរដ្ឋឥណ្ឌាមានជីវភាពមធ្យមកើនឡើង និងជំរុញឱ្យមានការផឹកកាហ្វេកាន់តែច្រើន ។
ក្រុមហ៊ុនកាហ្វេលំដាប់ពិភពលោក ថ្លែងថា ក្រុមហ៊ុននឹងពង្រីកសាខានៅឥណ្ឌា ឱ្យបាន១.០០០កន្លែងនៅឆ្នាំ២០២៨ និងពង្រីកហាងកាហ្វេលក់២៤ម៉ោងផងដែរ ។ ក្រុមហ៊ុនសង្ឃឹមថា នឹងមានបុគ្គលិកឥណ្ឌាធ្វើការក្នុងហាងកាហ្វេ រហូតដល់៨.៦០០នាក់ ។
ទឹកតែ ជាពិសេស តែទឹកដោះគោឥណ្ឌា បានក្លាយជាភេសជ្ជៈដ៏ពេញនិយមនៅឥណ្ឌា ប៉ុន្តែការផឹកកាហ្វេទទួលបានការពេញនិយមកាន់តែខ្លាំងពីអតិថិជន ។ បច្ចុប្បន្ន អតិថិជនឥណ្ឌាបានមកកាន់ហាងកាហ្វេកាន់តែច្រើន ។ ក្រៅពីកាហ្វេ Starbucks ហាងកាហ្វេល្បីៗ និងហាងកាហ្វេក្នុងស្រុក ដូចជា Blue Tokai ក៏បានពង្រីកសាខាជាច្រើនដែរនៅឥណ្ឌា ។ រីឯគ្រឿងផ្សំភាគច្រើនដែលពួកគេយកមកលក់ ភាគច្រើនបានមកពីដំណាំដាំដុះក្នុងស្រុក ។
Lakshman Narasimhan ជានាយកក្រុមហ៊ុន Starbucks លើកឡើងថា ៖ «ក្នុងរយៈពេល១១ឆ្នាំកន្លងមក ការលក់កាហ្វេ Starbucks នៅឥណ្ឌាបានរីកចម្រើនខ្លាំងបំផុត ដោយសារចំនួនពលរដ្ឋមានជីវភាពមធ្យមកើនឡើង ។ ដូច្នេះ យើងរីករាយក្នុងការចូលទីផ្សារនេះ និងផ្សព្វផ្សាយពីវប្បធម៌ផឹកកាហ្វេ» ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Starbucks បានដំណើរការនៅឥណ្ឌាតាំងពីឆ្នាំ២០១២ ដោយវិនិយោគជាមួយក្រុមហ៊ុន Tata Consumer Products Ltd. ។ បច្ចុប្បន្ន Starbucks មានសាខានៅឥណ្ឌា ចំនួន៣៩០កន្លែង ក្នុងទីក្រុងចំនួន៥៤ ។ រីឯប្រាក់ចំណូលគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានកើនឡើង១៤% បើធៀបនឹងឆ្នាំ២០២២ ។
គោលដៅពង្រីកសាខាកាហ្វេនៅឥណ្ឌាឱ្យបានចំនួន១.០០០កន្លែងនេះ អាចធ្វើឱ្យឥណ្ឌាក្លាយជាទីផ្សារមួយដ៏ធំនៅក្រៅប្រទេសរបស់ក្រុមហ៊ុន Starbucks ខណៈបច្ចុប្បន្ន ឥណ្ឌាមានសាខា Starbucks តិចជាងប្រទេសចិន ដែលមានសាខារហូតដល់៦.៥០០កន្លែង ៕










