តារាថៃម្នាក់ និងមានឈ្មោះក្នុងហ្វេសប៊ុកថា ផីមប្រាផា «Pimprapa» បានថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ដើម្បីចែករំលែកពីហេតុការណ៍បាត់សម្ភារៈក្នុងកាបូបធ្វើដំណើររបស់នាង នៅអាកាសយានដ្ឋានក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ។ នាងនិយាយថា វាជាបទពិសោធន៍ដ៏អាក្រក់បំផុតនៅប្រទេសរុស្ស៊ី គឺនាងត្រូវបានគេលួចសម្ភារៈក្នុងកាបូបធ្វើដំណើរ ដែលមានតម្លៃរហូតដល់ជាង២សែនបាត ។
តារាស្រី និងជាអ្នកចម្រៀងនៅប្រទេសថៃ អ្នកនាង ផីមប្រាផា (Pimprapa) រៀបរាប់ថា ហេតុការណ៍នេះបានកើតឡើងនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ។ នាងបានធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ៉ូសហ្វត ដោយចេញដំណើរពីទីក្រុងមូម៉ាន់ មកកាន់ទីក្រុងមូស្គូ ។ នៅពេលនាងធ្វើដំណើរមកដល់អាកាសយានដ្ឋានក្នុងទីក្រុងមូស្គូ អ្នកធ្វើដំណើរផ្សេងទៀតបានទទួលកាបូបធ្វើដំណើរគ្រប់ៗគ្នា លើកលែងតែនាងម្នាក់ ហើយនាងបានរង់ចាំយ៉ាងយូរ នៅតែពុំឃើញកាបូបរបស់នាង ។
សរុបមក កាបូបរបស់នាងមិនបានស្ថិតនៅកន្លែងទទួលសម្ភារៈទេ ហើយទីបំផុត នាងបានរកឃើញកាបូបរបស់ខ្លួននៅកន្លែងទទួលរបស់បាត់ ។ ពេលនោះ ស្លាកសម្គាល់នៅលើកាបូបបានបាត់ ធ្វើឱ្យនាងពុំអាចទទួលបានកាបូបភ្លាមៗទេ ហើយនាងត្រូវទៅបញ្ជាក់ជាមួយបុគ្គលិកអាកាសយានដ្ឋានទៀត ទម្រាំទទួលបានកាបូបមកវិញ ។
ពេលទទួលបានកាបូប នាងឃើញថា កាបូបនេះត្រូវបានគេបើកមើល ហើយភ្លាមនោះ នាងក៏បើកកាបូបដើម្បីពិនិត្យមើលសម្ភារៈនៅខាងក្នុង ។ អ្វីដែលនាងគិតនោះបានកើតឡើងមែន គឺសម្ភារៈផ្សេងៗក្នុងកាបូបបានបាត់ ដែលមានតម្លៃសរុបជាង២សែនបាត ។ ហេតុនេះ នាងមានអារម្មណ៍តក់ស្លុត និងសោកស្តាយខ្លាំងណាស់ ។ សំណាងល្អ ដែលនាងអាចតាំងស្មារតីបាន នាងក៏បានថតវីដេអូទុកជាភស្តុតាង ព្រោះសម្ភារៈដែលបាត់ទៅនោះធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តនាងយ៉ាងខ្លាំង ។
បន្ទាប់មក នាងក៏ដើរទៅសុំជំនួយពីក្រុមហ៊ុនអាកាសចរណ៍ AEROFLOT ភ្លាមៗ ប៉ុន្តែបុគ្គលិកក្រុមហ៊ុននេះមិនជួយដោះស្រាយទេ គ្រាន់តែនិយាយថា វាមិនមែនជាតួនាទីរបស់ខ្លួន ។ នារីជាបុគ្គលិកក្រុមហ៊ុន AEROFLOT រូបនេះបានប្រាប់ឱ្យនាងទៅរកសមត្ថកិច្ចឱ្យជួយ និងបានដើរគេចពីនាង ។
ហេតុនេះ នាងក៏ធ្វើដំណើរទៅប្តឹងនៅស្ថានីយប៉ូលិស ហើយពេលនាងទៅដល់ ស្រាប់តែឃើញសមត្ថកិច្ចរុស្ស៊ីកំពុងលេងហ្គេម ។ នាងពិបាកទំនាក់ទំនងជាមួយសមត្ថកិច្ចរុស្ស៊ីណាស់ ហើយនាងត្រូវប្រើប្រាស់កម្មវិធី Google Translate ដើម្បីបកប្រែភាសា ដោយសារតែសមត្ថកិច្ចមិនអាចនិយាយភាសាអង់គ្លេសបាន ។ បន្ទាប់មក ពួកគេក៏បើកមើលក្នុងកាមេរ៉ាសុវត្ថិភាព ។
សមត្ថកិច្ចសន្និដ្ឋានថា បុគ្គលិកបម្រើការនៅអាកាសយានដ្ឋានក្នុងទីក្រុងមូម៉ាន់ បាននាំគ្នាលួចសម្ភារៈក្នុងកាបូបរបស់នាង ហើយសម្ភារៈទាំងនេះមិនបានបាត់នៅអាកាសយានដ្ឋានក្នុងទីក្រុងមូស្គូទេ ។ ពេលនោះ នាងបានស្នើឱ្យសមត្ថកិច្ចជួយដោះស្រាយរឿងនេះ ប៉ុន្តែពួកគេពុំព្រមជួយនាងទេ ថែមទាំងជេរនាងទៀតផង ។
នាង ផីមប្រាផា បញ្ជាក់ថា សម្ភារៈដែលបាត់នោះ គឺជាកាដូថ្ងៃកំណើតដែលមនុស្សជាទីស្រឡាញ់របស់នាងផ្តល់ឱ្យ ហើយនាងស្រឡាញ់វាខ្លាំងណាស់ ។ នេះជាលើកចុងក្រោយហើយ ដែលនាងធ្វើដំណើរមកប្រទេសរុស្ស៊ី ។ វាមិនមែនជាកំហុសរបស់នាងទេ ពីព្រោះនាងមិនបានទុកកាបូធ្វើដំណើរចោល ហើយនាងក៏មិនបានភ្លេចដែរ ៕










