បរទេស៖ ការលក់ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងសប្តាហ៍ទីមួយនៃឆ្នាំ ២០២៤ ដោយសារតែសម្ពាធនៃការប្រកួតប្រជែងក្នុងស្រុកជាមួយក្រុមហ៊ុន Huawei ។
យោងតាមគេហទំព័រអន្តរជាតិ CNBC ដែលបានចុះផ្សាយនៅថ្ងៃទី៩ ខែមករាថា ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនតែមួយគត់ដែលមានការធ្លាក់ចុះនៃការលក់នៅក្នុងប្រទេសចិននៅដើមឆ្នាំជាមួយនឹងការថយចុះរហូតដល់ ៣០% ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនស្មាតហ្វូនឈានមុខគេផ្សេងទៀតនៅក្នុងទីផ្សារនេះកំពុងតែរីកចម្រើន ជាពិសេសក្រុមហ៊ុន Huawei ជាមួយនឹងត្រកូលស្មាតហ្វូន Mate 60 ដែលបានដាក់លក់នៅខែកញ្ញា ឆ្នាំ ២០២៣។
ដូច្នេះហើយ បច្ចុប្បន្នការលក់ iPhone កំពុងធ្លាក់ចុះជាបន្តបន្ទាប់ បើទោះបីជាក្រុមហ៊ុនបានកែសម្រួលតម្លៃ iPhone ជាច្រើនម៉ូដែល តាមរយៈបណ្តាញអនឡាញក្នុងប្រទេសចិន ដូចជា iPhone 15 Pro និង 15 Pro Max ជាមួយនឹងការបញ្ចុះតម្លៃ ១៦% ក្នុងសប្តាហ៍ដំបូងនៃឆ្នាំនេះក៏ដោយ ក៏ការលក់នៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំងដដែល។
នេះបើតាមស្ថិតិពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Jeffries បាននិយាយថា តួលេខ ៣០% គឺខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ រហូតទៅដល់ ១០ ដងឯណោះ។ ក្នុងសប្តាហ៍ដំបូងនៃឆ្នាំមុន ការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានថយចុះត្រឹមតែ ៣% ប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ការលក់ iPhone ក្នុងឆ្នាំ ២០២៤ វិញបានធ្លាក់ចុះរហូតទៅដល់ ៣០% ដែលធ្វើឱ្យក្រុមហ៊ុននេះប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីគូប្រជែងរបស់ចិន។
Jeffries ក៏បានប៉ាន់ប្រមាណដែរថាក្រុមហ៊ុន Huawei បាននាំចេញស្មាតហ្វូនចំនួន ៣៥ លានគ្រឿងកាលពីឆ្នាំមុន ហើយនឹងកើនឡើងក្នុងពេលខាងមុខនេះ ខណៈដែលក្រុមហ៊ុន Apple នឹងបន្តប្រឈមមុននឹងការលំបាកបន្ថែមទៀតនៅឆ្នាំនេះ ដោយសារតែប្រទេសចិនត្រូវបានគេរំពឹងថានឹងពង្រឹងបទប្បញ្ញត្តិហាមឃាត់ការប្រើប្រាស់ iPhone នៅទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ៕










