បរទេស៖ ទូរស័ព្ទ IPHONE នៅតែដំណើរការល្អដដែលបន្ទាប់ពីជ្រុះចេញពីលើយន្តហោះ Alaska Airlines នៅរយៈកម្ពស់ជិត ៤,៨០០ ម៉ែត្រត្រូវបានរកឃើញនៅលើដីក្នុងរដ្ឋ Washington សហរដ្ឋអាមេរិក។
យោងតាមគេហទំព័រអន្តរជាតិ CBS News ដែលបានចុះផ្សាយនៅថ្ងៃទី៨ ខែមករាថា ទូរស័ព្ទ iPhone ត្រូវបានគេរកឃើញនៅចិញ្ចើមផ្លូវ ដោយឧបករណ៍នេះប្រើស្រោម ដោយស្ទើរតែគ្មានការខូចខាតអ្វីទាំងអស់ពីសម្បកខាងក្រៅ ហើយអេក្រង់ក៏មិនមានសញ្ញានៃការប្រេះដែរ។ លើសពីនេះទៀត iPhone នៅតែបង្ហាញអ៊ីមែលផ្ទៀងផ្ទាត់ឥវ៉ាន់សម្រាប់យន្តហោះ Alaska Airlines ដែលនេះគឺជាសញ្ញាមួយបង្ហាញឱ្យដឹងថា iPhone អាចនឹងធ្លាក់ពីយន្តហោះ Boeing 737-9 MAX ដែលបានហោះឡើងកាលពីថ្ងៃទី ៥ ខែមករា ពីអាកាសយានដ្ឋានអន្តរជាតិ Portland រដ្ឋ Oregon ទៅកាន់រដ្ឋ California សហរដ្ឋអាមេរិក។
នៅពេលនោះយន្តហោះ Alaska Airlines បានឡើងដល់កម្ពស់ ៤,៨០០ ម៉ែត្រ ស្រាប់តែមានការផ្ទុះ ហើយស៊ុមបង្អួចមួយបានផ្ទុះចេញ បង្កើតរន្ធដែលមានទំហំប៉ុនច្រកចេញសង្គ្រោះបន្ទាន់ ដោយសម្ពាធនៅក្នុងកាប៊ីនបានធ្លាក់ចុះយ៉ាងខ្លាំង ហើយវត្ថុជាច្រើនក៏ត្រូវធ្លាក់ចុះពីយន្តហោះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ យន្តហោះនេះបានចុះចតដោយសុវត្ថិភាព ហើយអ្នកដំណើរទាំង ១៧១ នាក់ និងសមាជិកនាវិក ៦ នាក់ក៏បានរួចផុតពីគ្រោះថ្នាក់នេះផងដែរ។
ហេតុនេះហើយ បច្ចុប្បន្នទូរស័ព្ទ iPhone នេះត្រូវបានប្រគល់ឱ្យក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិសហរដ្ឋអាមេរិក NTSB ដើម្បីយកទូរស័ព្ទនេះទៅឱ្យម្ចាស់ដើមវិញ។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែល iPhone ត្រូវបានគេសរសើរចំពោះភាពធន់របស់វា។ ក្នុងឆ្នាំ ២០១១ ទូរស័ព្ទ iPhone 4 ក៏ដំណើរការបានធម្មតាដែរ នៅពេលដែលម្ចាស់របស់វាទម្លាក់ពីកម្ពស់ ៣០០ ម៉ែត្រ។ ដូច្នេះទោះបីទូរស័ព្ទប្រភេទ iPhone ទាំងអស់ធ្លាក់នៅរយៈកម្ពស់ខ្ពស់ប៉ុណ្ណាក៏ដោយ ក៏វាមិនខូចខាតដែរ៕










