ប្រទេសចិន ៖ នៅដើមខែមករា ឆ្នាំ២០២៤ សារព័ត៌មាន CNN បានចុះផ្សាយពីអាជីពប្លែកមួយដែលគេបានប្រកាសរើសបុគ្គលិកនៅប្រទេសចិន រហូតដល់ល្បីល្បាញក្នុងបណ្តាញសង្គម ។ អាជីពប្លែកនេះមិនត្រូវការគុណសម្បត្តិអ្វីច្រើនទេ គ្រាន់តែធ្វើជាតួអង្គក្នុងរឿងបុរាណចិន តួស្វាស៊ុនអ៊ូខុង «រឿងលោកគ្រូថាំងចេងទៅចម្លងធម៌» ។ លក្ខខណ្ឌជ្រើសរើស គឺតួស្វាស៊ុនអ៊ូខុង ត្រូវតែចូលចិត្តហូបចេក និងអាចហូបចេកមិនកំណត់ពេញ១ថ្ងៃ ។
សារព័ត៌មានចិនផ្សាយថា កន្លែងកម្សាន្តនៅភ្នំហានីវ ស្ថិតនៅភាគខាងជើងប្រទេសចិន បានប្រកាសជ្រើសរើសបុគ្គលិកជាតួស្វាស៊ុនអ៊ូខុង ។ បុគ្គលិកត្រូវតែងខ្លួនជាស៊ុនអ៊ូខុង បន្ទាប់មក ត្រូវក្រាបក្នុងរូង ឬក្នុងល្អាងក្រោមភ្នំ ហើយតម្រូវឱ្យពួកគេហូបអាហារដែលភ្ញៀវទេសចរបញ្ចុក ជាពិសេស ក្មេងៗ ។ ក្រុមហ៊ុននឹងផ្តល់ប្រាក់ខែឱ្យចំនួន៨៤២ដុល្លារអាមេរិកក្នុង១ខែ ។
ចំណែកបេក្ខជនមកដាក់ពាក្យចូលធ្វើការមិនចាំបាច់ជាមនុស្សមានថាមពលពិសេស ឬអាចជិះពពកហោះហើរនៅលើមេឃទេ ដោយពួកគេគ្រាន់តែស្លៀកពាក់ឈុតស៊ុនអ៊ូខុង ក្នុងរឿងបុរាណចិន «រឿងលោកគ្រូថាំងចេងទៅចម្លងធម៌» ។ គុណសម្បត្តិសំខាន់ដែលអាចធ្វើការងារនេះបាន គឺពួកគេចូលចិត្តហូបចេក ឬអាចហូបចេកបានច្រើនមិនកំណត់ ។
រីឯចំណីអាហារដែលភ្ញៀវទេសចរយកមកបញ្ចុកស្វាស៊ុនអ៊ូខុង មានច្រើនមុខ ដូចជា ៖ ផ្លែប៉ោម, មី និងផ្លែចេក ។ បុគ្គលិកដែលស្លៀកពាក់ឈុតស៊ុនអ៊ូខុង ត្រូវតែហូបចេកដែលភ្ញៀវទេសចរបញ្ចុក និងមិនអាចប្រកែកបានទេ ។
នាយកគ្រប់គ្រងកន្លែងកម្សាន្តនៅភ្នំហានីវ និយាយថា បេក្ខជនមកដាក់ពាក្យធ្វើការងារនេះ មិនចាំបាច់មានបទពិសោធន៍អ្វីច្រើនទេ ដោយក្រុមហ៊ុនចង់បានអ្នកចាប់អារម្មណ៍តួអង្គស៊ុនអ៊ូខុង និងពូកែសម្តែងឱ្យដូចស្វាពិតៗ ។ បេក្ខជនត្រូវតែជាមនុស្សរីករាយ ឬមានប្រជាប្រិយភាព ដើម្បីធ្វើឱ្យភ្ញៀវទេសចរចូលចិត្ត ។
នាយកគ្រប់គ្រងរូបនេះបន្តថា បច្ចុប្បន្ន កន្លែងកម្សាន្តនៅភ្នំហានីវ មានបុគ្គលិកធ្វើការជាតួស៊ុនអ៊ូខុង ចំនួន២នាក់ ប៉ុន្តែខាងយើងត្រូវការតួស៊ុនអ៊ូខុង ម្នាក់ទៀត ។ រីឯអ្នកចាប់អារម្មណ៍ចង់ធ្វើការងារនេះ ប៉ុន្តែបារម្ភថា ខ្លាចហូបអាហារច្រើនពេកនោះ ពួកគេពុំចាំបាច់ហូបអាហារដែលភ្ញៀវទេសចរបញ្ចុកទាំងអស់ទេ ។ ពួកគេអាចយកអាហារ ឬផ្លែចេកទាំងនេះមកឱ្យមិត្តរួមការងារក៏បាន ក្រោយពេលចប់ម៉ោងធ្វើការ ។
នាយកគ្រប់គ្រងបញ្ជាក់ថា បុគ្គលិកធ្វើការជាស្វាស៊ុនអ៊ូខុង មិនបាច់បារម្ភពីអាកាសធាតុត្រជាក់នៅក្នុងរូងភ្នំ ឬល្អាងទេ ពីព្រោះខាងក្រុមហ៊ុនបានបំពាក់ម៉ាស៊ីនកម្តៅនៅក្នុងល្អាងរួចអស់ហើយ ។ យើងធានាថា អាកាសធាតុនៅបាតល្អាងនឹងមានភាពកក់ក្តៅ ៕










