កាលពីពេលថ្មីៗ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលេចចេញនូវគ្រោងការមួយគឺ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកតភ្ជាប់រវាងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងការដឹកជញ្ជូនទំនិញនាំចេញនាំចូលប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយចំណេញទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។ ប៉ុន្តែគម្រោងនេះ គឺបានធ្វើឲ្យប្រទេសវៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើការបាត់បង់ផលប្រយោជន៍របស់ប្រទេសខ្លួន។
ភាគីខាងវៀតណាមបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ព្រោះថាគម្រោងនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន និងប្រព័ន្ធទឹកនៃទន្លេមេគង្គ ជាពិសេសទឹកទន្លេខាងក្រោមដែលហូរពីកម្ពុជាទៅវៀតណាម។ ជាការឆ្លើយតប សម្តេចហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ការសិក្សាបឋមលើគម្រោងនេះបានបង្ហាញថា ផលប៉ះពាល់បរិស្ថានលើប្រទេសវៀតណាមនឹងមានតិចតួចបំផុត។
គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលត្រូវប៉ាន់ប្រមាណថានឹងចំណាយថវិកាប្រមាណ ១,៧ ពាន់លានដុល្លារ ជាប្រឡាយសិប្បនិម្មិតមួយដែលនឹងតភ្ជាប់កំពង់ផែសមុទ្ររបស់ប្រទេសកម្ពុជានៅភាគនិរតីទៅទន្លេមេគង្គ។ ព្រែងជីកនេះគឺមានប្រវែង ១៨០ គីឡូម៉ែត្រ ដែលតភ្ជាប់ខេត្តជាប់មាត់សមុទ្រខេត្តកែបទៅព្រែកតាកែវនៃទន្លេមេគង្គដែលមានស្រាប់។ ម្យ៉ាងវិញទៀត វានឹងបង្កើតជាផ្លូវទឹកតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ តែមួយគត់របស់កម្ពុជា។
រដ្ឋាភិបាលកម្ពុជាបានប៉ាន់ប្រមាណថានឹងគម្រោងនេះនឹងត្រូវបានបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ។ ប្រសិនបើគម្រោងនេះជោគជ័យមែន វានឹងជួយសម្រួលដោយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញពីកំពង់ផែសមុទ្រទៅកាន់ទីក្រុងភ្នំពេញ។
បើតាមអ្នកវិភាគនយោបាយនៅកម្ពុជាមួយចំនួនក៏បានលើកឡើងថា ការព្រួយបារម្ភរបស់ភាគីវៀតណាមទៅលើគម្រោងនេះ គឺវាទាក់ទងទៅនឹងបញ្ហានយោបាយ-សេដ្ឋកិច្ចរវាងកម្ពុជា-វៀតណាម ជាជាងបញ្ហាបរិស្ថានដែលបានលើកឡើង។ គម្រោងព្រែកជីកនេះ នឹងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើវៀតណាមសម្រាប់ការដឹកជញ្ជូនតាមសមុទ្រ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនក្នុងឆ្នាំ ២០១៦ បានបង្ហាញថាទីក្រុងភ្នំពេញត្រូវពឹងផ្អែកខ្លាំងទៅលើកំពង់ផែរបស់វៀតណាមសម្រាប់ការដឹកជញ្ជូនការនាំចេញសម្លៀកបំពាក់ និងការនាំចូលវត្ថុធាតុដើមផ្សេងៗ។
ម៉្យាងវិញទៀត វៀតណាមបារម្ភថា គម្រោងនេះអាចបង្កបញ្ហាដល់បរិស្ថានខាងក្រោមទឹកទន្លេរបស់ប្រទេសវៀតណាម ដែលប៉ះពាល់ដល់ជលផល និងកសិកម្មនៅតំបន់ដីសណ្តទន្លេមេគង្គ។
គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនឹងប្រកាសជាមូលដ្ឋាននូវការតភ្ជាប់ដែលខ្វះចន្លោះរវាងកំពង់ផែរាជធានីភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួលរវាងកំពង់ផែទាំងពីររបស់កម្ពុជា និងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើកំពង់ផែវៀតណាម។ នេះហើយជាអ្វីដែលសម្តេចហ៊ុន ម៉ាណែត តែងមានប្រសាសន៍ថា «ដកដង្ហើមតាមច្រមុះខ្លួនឯង»។ នៅពេលដែលគម្រោងព្រែកជីកហ្វូណនតេជោត្រូវបានបញ្ចប់ វៀតណាមពិតជានឹងបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច និងឥទ្ធិពលដែលខ្លួនទទួលបានពីកម្ពុជា។
គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាមានកំពង់ផែសំខាន់ៗចំនួន២ គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅភាគនិរតី និងកំពង់ផែស្វយ័តភ្នំពេញតាមដងទន្លេមេគង្គ។ កំពង់ផែទាំង២នេះ តភ្ជាប់តាមផ្លូវជាតិលេខ៤ និងខ្សែរថភ្លើងភាគនិរតីដែលខូច។ បច្ចុប្បន្ននេះ គឺមិនទាន់មានផ្លូវទឹកសម្រាប់តភ្ជាប់រវាងកំពង់ផែទាំង២នេះទេ ជាហេតុនាំឲ្យការដឹកជញ្ជូនទំនិញពីភ្នំពេញទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវធ្វើឡើងតាមរយៈផ្លូវថ្នល់ និងផ្លូវដែក ដែលមានតម្លៃថ្លៃ និងយឺត។
ទាំងនេះហើយជាកត្តាដែលឲ្យកម្ពុជាត្រូវពឹងផ្អែកសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅទៅលើវៀតណាមទាំងពេលកន្លងមកនិងបច្ចុប្បន្ន ព្រោះទីក្រុងភ្នំពេញមានផ្លូវទឹកតភ្ជាប់ទៅកាន់កំពង់ផែរបស់វៀតណាមតាមរយៈទន្លេមេគង្គ។ ដូច្នេះការនាំចេញផលិតកម្មផ្សេងៗ ជាធម្មតាត្រូវបានដឹកជញ្ជូនតាមម៉ូតូទូកពីកំពង់ផែស្វយ័តភ្នំពេញទៅកាន់កំពង់ផែទីក្រុងហូជីមិញដោយផ្ទាល់។ រីឯការដឹកជញ្ជូនទំនិញពីប្រទេសវៀតណាមមកភ្នំពេញវិញ ក៏មានតម្លៃថោកជាងការដឹកជញ្ជូនតាមរថភ្លើង ឬផ្លូវពីក្រុងព្រះសីហនុផងដែរ៕










