កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ បើយោងទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ប្រជាពលរដ្ឋនិងពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសកូរ៉េ គឺអាចមកទទួលសេវាធ្វើលិខិតឆ្លងដែនធម្មតាបាន ដោយធ្វើការស្នើសុំតាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។ ការផ្តល់ជូននេះគឺមានរយៈពេល៤ខែ ចាប់ពីខែមករារហូតដល់ខែមេសាឆ្នាំ២០២៤។

ការប្រកាសធ្វើលិខិតឆ្លងដែនសម្រាប់ពលរដ្ឋនិងពលករខ្មែរនៅក្រៅប្រទេសនេះ គឺយោងទៅតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងកម្មករនយោជិត កាលពីខែកញ្ញា ឆ្នាំ២០២៣។ភ្នំពេញ ប៉ុស្ដិ៍ | ​ពលករ​ខ្មែរ​នៅ​កូរ៉េ ​សាទរ​ការដែល​រដ្ឋាភិបាល​បើក​ឱ្យធ្វើ​ លិខិតឆ្លងដែន​នៅ​ទី​នោះបាន​

ជាមួយគ្នានេះ បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន បានឱ្យដឹងថា រាជរដ្ឋាភិបាលមានបំណងផ្តល់ការធ្វើលិខិតឆ្លងដែនដល់ពលរដ្ឋខ្មែរនៅតាមបណ្តាប្រទេសផ្សេងៗទៀតផងដែរ ហើយប្រទេសបន្ទាប់ដែលនឹងផ្តល់សេវាធ្វើលិខិតឆ្លងដែនជាបន្តទៀត គឺប្រទេសជប៉ុន។

ការប្រកាសផ្តល់សេវាធ្វើលិខិតឆ្លងដែនសម្រាប់ពលរដ្ឋនិងពលករខ្មែរនៅក្រៅប្រទេសនេះ គឺពិតជាបានផ្តល់នូវភាពងាយស្រួល ដោយពុំចាំបាច់ចំណាយថ្លៃធ្វើដំណើរត្រឡប់មកកម្ពុជាវិញដើម្បីធ្វើលិខិតឆ្លងដែននោះទេ ពោលគឺចំណេញទាំងពេលវេលានិងថវិការ។Call to Slash Passport Prices | Kiripost

រីឯព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់ សូមទំនាក់ទំនងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តាមរយៈទូរសព្ទលេខ ៨២ ០២ ៣៧៨៥ ១០៤១ ឬអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តាមរយៈទូរសព្ទលេខ +៨២ ០១០ ៨៨៩៨ ៨៦៤៤ នៅរៀងរាល់ម៉ោងធ្វើការ៕