កាលពីពេលថ្មីៗនេះ បើយោងទៅតាមប្រភពសារព័ត៌មាន VN Express បានចុះផ្សាយពីទិន្នន័យរបស់ការិយាល័យស្ថិតិក្នុងប្រទេសវៀតណាមបានឲ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យប្រមាណ១៣០០កន្លែងបានប្រកាសក្ស័យធននៅឆ្នាំ២០២៣ ដែលចំនួននេះបានកើនឡើង ៨% បើធៀបនឹងឆ្នាំ២០២២ ។
ពេញមួយឆ្នាំ២០២៣នេះ ជាមធ្យមអាជីវកម្មចំនួន១០៧កន្លែង បានប្រកាសក្ស័យធនជារៀងរាល់ខែ ខណៈចំនួនអាជីវកម្មថ្មីដែលត្រូវបានបង្កើតឡើងធ្លាក់ចុះ ៤៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។
ទីផ្សារអចលនៈទ្រព្យរបស់ប្រទេសវៀតណាមបានស្ថិតក្នុងចំណុចក្តៅគគុកចាប់តាំងពីឆ្នាំ២០២២មកម្លេះ ហើយស្ថានភាពដ៏យ៉ាប់យឺននេះបានបន្តរហូតមកដល់បច្ចុប្បន្ន បើទោះបីជាមានការជួយជ្រុំជ្រែងពីរដ្ឋាភិបាលក្តី។
ក្រុមអ្នកវិភាគក៏បាននិយាយថា ការធ្លាក់ចុះនៃវិស័យអចលនៈទ្រព្យរបស់វៀតណាម គឺអាចនឹងបណ្តាលមកពីបញ្ហាមួយចំនួនដូចជា បញ្ហាផ្លូវច្បាប់ក្នុងប្រទេស ការប្រគល់និងកាន់កាប់ដី ការកំណត់តម្លៃ និងដើមទុនជាដើម។ សភាពការអចលនទ្រព្យមិនច្បាស់លាស់បែបនេះហើយ បានធ្វើឱ្យគម្រោងសាងសង់មួយចំនួនត្រូវបានពន្យារពេល ឬផ្អាក ដែលនាំឱ្យមានការខាតបង់សម្រាប់អាជីវកម្មសំណង់ ក៏ដូចជាគ្រោងការផលិតមួយចំនួន។
រីឯ ទីផ្សារអចលនទ្រព្យវិញក៏នៅតែមានអស្ថិរភាពនិងបន្តធ្លាក់ចុះ ដែលនេះបណ្តាលមកពីហានិភ័យនៃការជាប់គាំង កង្វះការផ្គត់ផ្គង់ រចនាសម្ព័ន្ធនៃទំនិញមួយចំនួនមិនដំណើរការបានល្អ រួមជាមួយនឹងកត្តាផ្សេងៗទៀត។
អ្នកវិភាគក៏បានផ្គូរផ្គង់ឃើញថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៤នេះ ក៏នឹងនៅតែជួបការលំបាកទាំងក្នុងការផ្គត់ផ្គង់ និងការចំណាយ។ ប៉ុន្តែទោះជាយ៉ាងណា វានឹងក្លាយជាដំណាក់កាលដំបូង មុននឹងឈានដល់ការផ្លាស់ប្តូរកំណែទម្រង់សម្រាប់ឆ្នាំ ២០២៥ គឺវៀតណាមនឹងធ្វើវិសោធនកម្មច្បាប់ថ្មីទាក់ទងទៅនឹងលំនៅដ្ឋាន និងអចលនទ្រព្យដាក់បញ្ចូលជាធរមានផងដែរ៕










