Influencer ដ៏ល្បីល្បាញប្រចាំប្រទេសលោក ហេង វិសាល ចាប់ផ្តើមទំព័រថ្មីក្នុងឆ្នាំ២០២៤ បានពោលពាក្យដ៏ផ្អែមល្អែម និងមានអត្ថន័យជ្រាលជ្រៅអរគុណទៅដល់ ជា ស្រីនា ដែលជាគូដណ្តឹងដែលតែងតែលើកទឹកចិត្តលោក មិនចាំចាប់កំហុស និងទាមទារ។ លោកបន្ថែមទៀតថាវត្តមានរបស់ ជា ស្រីនា ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ជីវិតលោក។
គិតមកទល់ពេលនេះ Influencer ដ៏ល្បីល្បាញពីររូបគឺ ហេង វិសាល និង ជា ស្រីនា បានភ្ជាប់ពាក្យជាមួយគ្នាជាង១ឆ្នាំហើយ(៨ តុលា ២០២២) ដែលអំឡុងពេលពួកគេទាំងពីរនាក់ភ្ជាប់ពាក្យបានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំង ជាគូស្នេហ៍ដ៏ស័ក្តិសមសុទ្ធតែស្រស់ស្អាត និងសង្ហា ព្រមទាំងមានសមត្ថភាពគួរឱ្យសរសើរ។ បច្ចុប្បន្នលោក ហេង វិសាល និង ជា ស្រីនា ក៏បានពួតដៃគ្នារកស៊ីទៅលើផលិតផល Sunscreen មួយប្រភេទព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនគាំទ្រផលិតផលរបស់ពួកគេ។
ទន្ទឹមនឹងការងារ ការរកស៊ីផ្ទាល់ខ្លួន និងជីវិតគូប្រកបដោយភាពរលូនរង់ចាំតែថ្ងៃចូលរោងការ គ្រាន់តែចូលដើមឆ្នាំ២០២៤ភ្លាម លោក ហេង វិសាល បានពោលពាក្យយ៉ាងផ្អែមល្អែមដាក់ ជា ស្រីនា ជាគូដណ្តឹង ធ្វើឱ្យអ្នកគាំទ្រពោលច្រណែនពីជីវិតគូរបស់អ្នកទាំងពីរមិនមែនមានតែក្នុងរឿងភាគកូរ៉េទេ តែគូស្នេហ៍ Influencer មួយគូនេះទទួលបានភាពផ្អែមល្ហែមមិនខុសពី K Drama ឡើយ។
លោក ហេង វិសាល បានបង្ហោះរូបភាព ជា ស្រីនា កំពុងគេងប៉ុន្មានសន្លឹកលើបណ្តាញសង្គមដោយភ្ជាប់ជាមួយពាក្យពេចន៍ដ៏ល្ហែមល្អែមថា «ពេលវេលាពិតជាដើរលឿនណាស់ មួយភ្លែតសោះ២០២៤បាត់ ប៉ុន្តែថ្ងៃនេះខ្ញុំចង់យកទំព័រ២០២៤ដំបូងរបស់ខ្ញុំ មកអរគុណដល់ក្មេងស្រីដែលកំពុងគេងម្នាក់នេះ។ អរគុណច្រើនដែលតែងតែស្រឡាញ់ និងបារម្ភពីបង បងដឹងថាវាមិនមែនងាយស្រួលនោះទេ ព្រោះបងវាដូចឆ្កួតចឹង អរគុណអូនដែលតែងតែព្រមធ្វើជាអ្នកស្តាប់ អរគុណដែលតែងតែនៅចាំលើកទឹកចិត្ត អរគុណដែលមិនចាំចាប់កំហុសនិងទាមទារ។ អរគុណគ្រប់យ៉ាង វត្តមានរបស់អូនពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ជីវិតបង»។
មិនត្រឹមតែយកទំព័រជីវិតដំបូងក្នុងឆ្នាំ២០២៤ អរគុណដល់គូដណ្តឹងប៉ុណ្ណោះ ហេង វិសាល បានបង្ហោះមួយប្រយោគទៀតដាក់ ជា ស្រីនា ថា «បើអូនហត់សម្រាកសិនទៅ មិនបាច់ធ្វើស្រ្តីរឹងមាំក៏បាន ចាំបងចិញ្ចឹម»។ មួយប្រយោគនេះហើយបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការស៊ែរយ៉ាងសន្ធឹកសន្ធាប់ជាពិសេសអ្នកមានគូតែម្តងព្រោះពួកគេក៏ចង់ឮពាក្យនេះពីគូស្នេហ៍របស់ខ្លួនដូចគ្នា។
ងាកទៅកាន់ ជា ស្រីនា វិញបន្ទាប់ពីគូដណ្តឹងរបស់ខ្លួនបង្ហោះពាក្យពេចន៍ដ៏ផ្អែមល្អែមនេះហើយនាងក៏បង្ហាញពីអារម្មណ៍របស់ខ្លួនដោយការរំភើបចិត្តរហូតដល់ហូរទឹកភ្នែកដោយ ជា ស្រីនា បានសរសេរថា «បើកទំព័រ២០២៤ ស្រីនា យំ 1-0»៕










