ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីគ្រោងផ្តល់អត្ថប្រយោជន៍ផ្នែកពន្ធដល់ក្រុមហ៊ុនផលិតរថយន្ត ដែលមានគម្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី និងការនាំចូលរថយន្តអគ្គិសនីដំឡើងរួច រហូតដល់ឆ្នាំ២០២៥ ។ គម្រោងថ្មីនេះបង្ហាញឱ្យឃើញថា ឥណ្ឌូណេស៊ីបានព្យាយាមទាក់ទាញការវិនិយោគចូលក្នុងប្រទេសរបស់ខ្លួនកាន់តែច្រើន ។
បទប្បញ្ញត្តិថ្មីនេះបានចុះហត្ថលេខា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បញ្ជាក់ថា ក្រុមហ៊ុនផ្សេងៗដែលបានវិនិយោគសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី និងមានគម្រោងបង្កើនការវិនិយោគផ្នែករថយន្តអគ្គិសនី ពួកគេអាចនឹងទទួលបានអត្ថប្រយោជន៍ផ្នែកពន្ធ ។
បទប្បញ្ញត្តិថ្មីនេះនឹងលុបចោលពន្ធនាំចូល និងពន្ធលើការលក់គ្រឿងបន្លាស់ទំនើបសម្រាប់រថយន្តដំឡើងរួច ដែលនាំចូលប្រទេសឥណ្ឌូណេស៊ី ។ ឥណ្ឌូណេស៊ីគ្រោងផ្តល់អត្ថប្រយោជន៍ពន្ធ ដែលប្រមូលពីអាជ្ញាធរក្នុងតំបន់ផងដែរ ។ មុននេះ ឥណ្ឌូណេស៊ីបានផ្តល់អត្ថប្រយោជន៍ពន្ធចំពោះការនាំចូលគ្រឿងបន្លាស់រថយន្ត ដែលដំឡើងនៅប្រទេសឥណ្ឌូណេស៊ីប៉ុណ្ណោះ ។ គេចាត់ទុកថា ឥណ្ឌូណេស៊ី គឺជាទីផ្សាររថយន្តដ៏ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ទោះយ៉ាងណា ចំនួនក្រុមហ៊ុនរថយន្តដែលអាចនាំចូលរថយន្តបាន គឺអាស្រ័យលើទំហំការវិនិយោគទុន និងការអភិវឌ្ឍរោងចក្រ ។ លើសពីនេះ ក្រុមហ៊ុនទាំងនោះត្រូវតែទទួលបានការអនុម័តពីក្រសួងវិនិយោគ ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់គោលដៅថា នឹងផលិតរថយន្តអគ្គិសនីឱ្យបានរហូតដល់៦សែនគ្រឿងនៅឆ្នាំ២០៣០ ដែលចំនួននេះលើសពីចំនួនលក់រថយន្តក្នុងឆមាសទី១ នៃឆ្នាំ២០២៣ របស់ឥណ្ឌូណេស៊ី រហូតដល់១០០ដង ។
ចំណែកក្រុមហ៊ុន Hyundai ក៏បានចូលមកវិនិយោគនៅឥណ្ឌូណេស៊ីផងដែរ ខណៈក្រុមហ៊ុនរថយន្តអគ្គិសនី Neta និងក្រុមហ៊ុន Mitsubishi Motors សន្យាថា នឹងវិនិយោគនៅឥណ្ឌូណេស៊ី ។ ក្រៅពីនេះ ឥណ្ឌូណេស៊ីបានអញ្ជើញក្រុមហ៊ុនធំៗមកវិនិយោគផងដែរ ដូចជា ៖ ក្រុមហ៊ុន Tesla និង BYD ៕










