អាមេរិក៖ លោកយាយ SARAH SIMPKINS អាយុ ១០១ ឆ្នាំត្រូវបានគេរំពឹងថានឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអប់រំកុមារតូចពីមហាវិទ្យាល័យសហគមន៍ Brightpoint ក្នុងខែឧសភា ឆ្នាំ ២០២៤ បន្ទាប់ពីគាត់បានបោះបង់ការសិក្សាអស់រយៈពេល ៨១ ឆ្នាំ។
យោងតាមគេហទំព័រអន្តរជាតិ The Shade Room ដែលបានចុះផ្សាយនៅថ្ងៃទី២៥ ខែធ្នូថា ស្ត្រីវ័យ ១០១ ឆ្នាំ និងចៅស្រីរបស់គាត់ត្រៀមបញ្ចប់ការសិក្សានៅឆ្នាំក្រោយក្នុងមហាវិទ្យាល័យជាមួយគ្នា។ Sarah Simpkins ធ្លាប់បានចូលរៀននៅសកលវិទ្យាល័យ Allen Columbia រដ្ឋ South Carolina សហរដ្ឋអាមេរិក ប៉ុន្តែគាត់បានបោះបង់ការសិក្សាចោលដោយសារតែគាត់មានផ្ទៃពោះកូនដំបូង។
Sarah Simpkins បានសម្រាលកូនចំនួន ១២ នាក់ ហើយបានចំណាយពេលភាគច្រើនរបស់គាត់ផ្តោតលើការចិញ្ចឹមពួកគេ ដោយលោកយាយ Sarah បាននិយាយថា៖ «ក្នុងអំឡុងពេលនោះ គាត់ពិតជាចង់ទៅសាលារៀនវិញណាស់។ បន្ទាប់មកនៅពេលដែលលោកយាយមានអាយុ ៩៦ ឆ្នាំគាត់បានផ្លាស់ពី Brooklyn រដ្ឋ New York ទៅ Virginia ដើម្បីរស់នៅជាមួយចៅស្រីរបស់គាត់ដែលជាសិស្ស។
នៅក្រោមច្បាប់ឧត្តមសិក្សារបស់រដ្ឋ Virginia ចាប់តាំងពីឆ្នាំ ១៩៧៤ មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំអាចចុះឈ្មោះសម្រាប់ថ្នាក់ក្រេឌីត ឬវគ្គសិក្សាដោយមិនបង់ថ្លៃសិក្សា ដូច្នេះហើយលោកស្រី Sarah Simpkins ក៏បានចាប់យកឱកាសនេះតែម្តង។ Sarah Simpkins ជឿថាអាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ គាត់តែងតែមានអារម្មណ៍ថាគាត់ទើបតែមានអាយុ ៤២ ឆ្នាំប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នគាត់មានអាយុ ១០១ ឆ្នាំទៅហើយ។
ទោះជាយ៉ាងណាក៏ដោយ ស្ត្រីចំណាស់រូបនេះតែងតែមកសាលាជារៀងរាល់ថ្ងៃ ហើយថ្នាក់សិល្បៈដែលធ្វើឡើងរៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ គឺជាថ្នាក់ដែលគាត់ចូលចិត្តជាងគេ។ Sarah បាននិយាយថា៖ «ខ្ញុំមានអំណរគុណដែលជីវិតបានអនុញ្ញាតឱ្យខ្ញុំត្រឡប់ទៅសាលារៀនវិញ។ ដូច្នេះនៅអាយុ ១០១ ឆ្នាំលោកយាយបានបន្តទស្សនវិជ្ជាជីវិតនៃការរីករាយនិងសុភមង្គលគ្រប់ពេល៕










