អ្នកគាំទ្រកម្ពុជាបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញខ្លីបវីដេអូសប្បុរសរបស់ផលិតកម្ម JYP ដែលជាទ្រនំរបស់ក្រុម TWICE និង Stray Kid បានជួយសង្គ្រោះអាយុជីវិតកុមារីកម្ពុជាម្នាក់ឈ្មោះជូលី អាយុ៧ឆ្នាំ ពីជំងឺដោះដុំសាច់ដែលសង្កត់ទៅលើសួត។ ទឹកចិត្តមួយនេះពិតជាធ្វើឱ្យអ្នកគាំទ្រកម្ពុជារំភើបចិត្តជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងសប្បុរសរបស់ផលិតកម្មមួយនេះក៏បានបោះពុម្ពសៀវភៅជាភាសាខ្មែរដើម្បីលើកទឹកចិត្តទៅដល់កុមារកម្ពុជាផងដែរ។![2023 JYP EDM DAY] Every Dream Matters! - YouTube](https://i.ytimg.com/vi/QHAs8yfMq1g/maxresdefault.jpg)
ដើម្បីចែករំលែកក្តីស្រលាញ់ក្នុងឱកាសថ្ងៃបុណ្យណូអែល ឆាណែលយូធូបរបស់ផលិតកម្ម JYP បានទម្លាក់វីដេអូ JYP EDM DAY កាលពីថ្ងៃទី២៤ ធ្នូ ដែលជាកម្មវិធីសប្បុរសធម៌របស់ផលិតកម្ម។ ក្នុងវីដេអូសប្បុរសធម៌នោះផលិតកម្មមួយនេះក៏បានជួយសង្គ្រោះកុមារីកម្ពុជាម្នាក់ដោយបានជួយចំណាយថ្លៃព្យាបាល។ កុមារីម្នាក់នោះមានឈ្មោះថា ជូលី អាយុ៧ឆ្នាំ មានជំងឺដោះដុំសាច់កូនកណ្តុរនៅឆ្អឹងជំនីរខាងស្តាំដែលធ្វើឱ្យកាន់តែរីកធំៗសង្កត់ទៅលើសួត ។ ម្តាយរបស់ ជូលី បាននិយាយថាគ្រួសាររបស់ខ្លួនគ្មានលទ្ធភាពមើលបន្តទៀតទេ ពេលខ្លះដាច់លុយខ្លាំងសូម្បីតែលុយទិញបាយហូបក៏មិនមានដែរ។ ម្តាយជូលី បន្តថាពីមុនត្រូវការយកកូនទៅពេទ្យចំណាយច្រើន ប៉ុន្តែតាំងពីមានគម្រោងសប្បុរធម៌របស់ផលិតកម្ម JYP មានឈ្មោះថា JYP EDM មកកាន់បន្ថយការចំណាយច្រើន ។![JYP EDM DAY] Every Dream Matters! - YouTube](https://i.ytimg.com/vi/NE95RElSqPc/maxresdefault.jpg)
មិនត្រឹមតែជួយកុមារី ជូលី ប៉ុណ្ណោះទេតែគម្រោងសប្បុរសធម៌របស់ JYP ក៏បានបោះពុម្ពសៀវភៅមានចំណងជើងថា «ផ្ការំដួងមិត្តរបស់ខ្ញុំ» ជាសៀវភៅភាសាខ្មែរសម្រាប់លើកទឹកចិត្តកុមារកម្ពុជាទាំងអស់ដែរ។ មិនត្រឹមតែជួយកុមារកម្ពុជាប៉ុណ្ណោះទេគម្រោង JYP EDM ក៏បានជួយកុមារហ្វីលីពីន វៀតណាម និងកុមារនៅប្រទេសផ្សេងជាច្រើនទៀត។ គួរបញ្ជាក់ថា គម្រោងសប្បុរសធម៌ JYP EDM គឺបានថវិកាមកពីគ្រប់សិល្បករទាំងអស់របស់ផលិត JYP ដើម្បីជួយកុមារដែលខ្សត់ខ្សោយ។
បន្ទាប់ពីមានការចាក់ផ្សាយហើយអ្នកគាំទ្រកម្ពុជាបានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងដែលផលិតកម្មធំមួយរបស់កូរ៉េខាងត្បូងនេះបានជួយកុមារកម្ពុជាឱ្យមានស្នាមញញឹមឡើងវិញ ខណៈអ្នកគាំទ្រលើកឡើងទៀតថា នៅពេលខ្លួនគាំទ្រតារាក្នុងផលិតកម្មនេះហើយ ហើយផលិតកម្មមួយនេះបានមកជួយអាយុជីវិតកុមារនៅកម្ពុជាទៀតកាន់តែធ្វើឱ្យពួកគេរំភើបចិត្តគាំទ្រកាន់តែខ្លាំង៕










