្រទេសថៃ ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា គេបានដាំទុរេនលើទីធ្លាទំនេរមួយកន្លែងនៅតាមផ្លូវផាត់តាណាកានឃូខ្វាង ស្ថិតក្នុងឃុំប៉ាកណាខន ស្រុកមឿង ខេត្តនគររាជសីម៉ា គឺនៅបរិវេណខាងមុខអគារពាណិជ្ជកម្មក្នុងភូមិ ។ ប៉ុន្តែអ្វីដែលអ្វីឱ្យអ្នកដំណើរទៅមកចាប់អារម្មណ៍ និងចម្លែកចិត្តនោះ គឺគេបានចោះស៊ីម៉ងត៍ដើម្បីដាំទុរេន ខណៈអ្នកស្រុកពុំធ្លាប់ប្រទះឃើញសោះកាលពីមុនមក ។
មតិមួយចំនួនលើកឡើងថា តាមធម្មតា ទុរេនត្រូវបានគេដាំដុះនៅក្នុងចម្ការ ឬដាំនៅតាមជើងភ្នំតែប៉ុណ្ណោះ ពីព្រោះសម្បូរដីមានជីជាតិ ។ ប៉ុន្តែហេតុអ្វីបានជាមានការដាំទុរេននៅលើស៊ីម៉ងត៍បែបនេះ ។
ក្រុមអ្នកសារព័ត៌មានថៃបានធ្វើដំណើរទៅដល់ទីតាំងដាំទុរេនឃើញថា ក្នុងភូមិនេះបានបែងចែកជា២ផ្នែក គឺផ្នែកខាងក្រៅ គឺជាអគារពាណិជ្ជកម្ម និងផ្នែកខាងក្នុង គឺជាផ្ទះសម្រាប់រស់នៅ ព្រមទាំងមានកន្លែងដាំទុរេនផងដែរ ។ វាជាទីធ្លាយ៉ាងធំទូលាយដែលគេបានចាក់ស៊ីម៉ងត៍ពីលើ ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ទីធ្លានេះជាកន្លែងលក់ទំនិញ និងម្ហូបអាហារ ប៉ុន្តែបច្ចុប្បន្ន គេក៏បានរុះរើតូបលក់ដូរចេញអស់ហើយ នៅសល់តែទីធ្លាស៊ីម៉ងត៍ប៉ុណ្ណោះ ។
ម្ចាស់ទុរេនបានជួលកម្មករ២នាក់មកចោះស៊ីម៉ងត៍ ដើម្បីជីករណ្តៅដាំទុរេនពូជម៉ន់ថង និងពូជកានយ៉ាវ ។ កម្មករប្រាប់ថា ពួកគេពុំបានដឹងពីមូលហេតុនៃការដាំទុរេននេះទេ គ្រាន់តែដឹងថា ថៅកែបានជួលពួកគេមកដាំទុរេននៅទីនេះចំនួន៥០០ដើម ។ រីឯនៅផ្នែកខាងកើតទីធ្លានេះ ថៅកែបានឱ្យពួកគេដាំក្រូចឆ្មារចំនួន២០០ដើមទៀត ។ ចំណែកការថែទាំដំណាំ គឺជាតួនាទីរបស់កម្មករផ្សេងទៀត ។
បើតាមអ្នកជំនាញផ្នែកកសិកម្មនិយាយថា ការដាំទុរេនបែបនេះអាចធ្វើទៅបាន ប្រសិនបើមានការថែទាំយ៉ាងល្អ ហើយដីត្រូវតែមានជីជាតិផងដែរ ។ អ្នកជំនាញកសិកម្មរូបនេះជឿថា អ្នកដាំទុរេនបែបនេះ ពួកគេមានប្រាក់គ្រប់គ្រាន់ដើម្បីថែទាំទុរេន ប៉ុន្តែដំណាំដែលផ្តល់ផលពិតប្រាកដ គឺក្រូចឆ្មារ ។
អ្នកជំនាញកសិកម្មបន្តថា ចំណែកទុរេន ខ្លួនពុំទាន់បានឃើញកន្លែងដាំដោយផ្ទាល់ភ្នែកទេ ហើយបានឃើញតាមរូបភាពប៉ុណ្ណោះ ។ ប៉ុន្តែបើដាំហើយទទួលបានជោគជ័យ វានឹងក្លាយជាចម្ការទុរេនថ្មីតែមួយគត់ស្ថិតនៅកណ្តាលខេត្តនគររាជសីម៉ា ។ ហេតុនេះ អ្នកដាំទុរេននៅកណ្តាលក្រុង គឺមានតែអ្នកមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណោះដែលអាចធ្វើបាន ។
ក្រោយមក ក្រុមអ្នកសារព័ត៌មានថៃបានព្យាយាមទំនាក់ទំនងទៅខាងម្ចាស់ដំណាំទុរេន ដើម្បីសួរនាំពីការដាំទុរេននៅកណ្តាលក្រុង ប៉ុន្តែបុគ្គលិកពួកគេប្រាប់ថា ម្ចាស់ទុរេនបានធ្វើដំណើរទៅតាមខេត្ត ៕










