បរទេស៖ នៅថ្ងៃទី ២៤ ខែធ្នូ យោងតាមប្រភពព័ត៌មាន Izvestia បានឱ្យដឹងថា ប្រទេសរុស្ស៊ីបច្ចុប្បន្នកំពុងខ្វះខាតកម្មករប្រហែល ៤.៨ លាននាក់នៅឆ្នាំ ២០២៣ ដែលចំនួននេះស្មើនឹងជាង ៦% នៃកម្លាំងពលកម្មរុស្ស៊ី។
យោងតាមទេសាភិបាលធនាគារកណ្តាលរុស្ស៊ី Elvira Nabiullina បានសម្តែងការព្រួយបារម្ភអំពីកង្វះកម្លាំងពលកម្ម ដោយនាងបាននិយាយថា បញ្ហានេះមានលក្ខណៈធ្ងន់ធ្ងរជាពិសេសក្នុងឧស្សាហកម្មផលិត និងគីមី។ ដូច្នេះការកង្វះអ្នកជំនាញផ្នែកព័ត៌មានវិទ្យា វិស្វករ វេជ្ជបណ្ឌិត និងអ្នកបើកបរនឹងបន្តមានសភាពធ្ងន់ធ្ងរនៅឆ្នាំ ២០២៤។
លោក Nikolai Akhapkin ក៏បាននិយាយដែរថា ការកង្វះកម្លាំងពលកម្មបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០២២ និង ២០២៣ ដែលចំនួនទំនេរនៅក្នុងកម្លាំងការងារសរុបបានកើនឡើងដល់ ៦.៨% នៅពាក់កណ្តាលឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំមុនកើនឡើងត្រឹមតែ ៥.៨% ។ រដ្ឋមន្ត្រីក្រសួងការងាររុស្ស៊ីលោក Anton Kotykov បាននិយាយថា កង្វះកម្មករគឺធ្ងន់ធ្ងរនៅក្នុងវិស័យផលិតកម្ម សំណង់ និងដឹកជញ្ជូន ដែលបង្ខំឱ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួល ដើម្បីព្យាយាមទាក់ទាញបុគ្គលិកបន្ថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ បើតាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកសារព័ត៌មានកាលពីដើមខែធ្នូថា សេដ្ឋកិច្ចរបស់ប្រទេសនេះ នៅតែមានស្ថិរភាព ទោះបីជាមានទណ្ឌកម្មក៏ដោយ។ លោកបានប្រកាសដោយមោទនភាពថា អត្រាគ្មានការងារធ្វើបានឈានដល់កម្រិតទាបជាប្រវត្តិសាស្ត្រគឺ ២.៩% ។ មេដឹកនាំរុស្ស៊ីបានបន្ថែមទៀតថា ប្រាក់ឈ្នួលអប្បបរមានឹងកើនឡើង ១៨% នៅខែមករា ឆ្នាំ២០២៤។
គួរបញ្ជាក់ដែរថា ការកង្វះកម្លាំងពលកម្មផ្នែកសំណង់ ដឹកជញ្ជូន ព័ត៌មានវិទ្យា វិស្វករ វេជ្ជបណ្ឌិតនៅក្នុងស្ថាប័ននានាក្នុងប្រទេសនេះ គឺដោយសារតែប្រជាជនរុស្ស៊ីភាគច្រើនបាននាំគ្នាជ្រើសរើសការងារយោធា ឬធ្វើកងទ័ពដើម្បីការពារជាតិរវាងរុស្ស៊ីនិងអ៊ុយក្រែន៕










