ប្រទេសថៃ ៖ កន្លងមក លោក Suriya Jungrungruangkit រដ្ឋមន្ត្រីក្រសួងគមនាគមន៍ប្រទេសថៃ មានគំនិតថា នឹងដំឡើងពន្ធប្រេងសាំងនៅតាមស្ថានីយចាក់ប្រេងក្នុងទីក្រុងបាងកក និងបរិវេណជុំវិញ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈច្រើនជាងមុន ។ លើសពីនេះ វាជាការយកប្រាក់បានពីការប្រមូលពន្ធដាក់ក្នុងមូលនិធិ ដើម្បីគាំទ្រការចំណាយតាមគោលការណ៍រថភ្លើងអាកាស ចំនួន២០បាត ។
ចំណែកលោក Peeraphan Saleerathaviphak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពលលើកឡើងថា លោកពុំបានជ្រាបពីករណីនេះទេ ព្រោះការដំឡើងពន្ធប្រេងឥន្ធនៈ គឺស្ថិតនៅលើរដ្ឋាភិបាល ។ ប៉ុន្តែសម្រាប់ខ្លួនលោក នឹងមិនដំឡើងពន្ធទេ ពីព្រោះក្រសួងថាមពលមានវិធានការកាត់បន្ថយពន្ធ ហើយលោកសូមបញ្ជាក់ថា នៅពុំទាន់មានការទាក់ទង ឬការជូនដំណឹងពីក្រសួងគមនាគមន៍ទេ ។
លោក Peeraphan Saleerathaviphak ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពល លើកឡើងថា ៖ «នៅមានវិធីផ្សេងជាច្រើនទៀត ហើយការដំឡើងពន្ធប្រេងនឹងបង្កបញ្ហា និងទុក្ខលំបាកដល់ពលរដ្ឋ ខណៈរដ្ឋាភិបាលកំពុងតែបារម្ភអំពីបញ្ហានេះ ។ ដូច្នេះ យើងអាចពិភាក្សាគ្នាបាន តែពុំទាន់មានការពិភាក្សានៅឡើយទេ» ។
លោករដ្ឋមន្ត្រីក្រសួងថាមពលបន្តថា ការដំឡើងពន្ធប្រេងឥន្ធនៈនឹងធ្វើឱ្យអ្នករស់នៅទីក្រុងបាងកក និងបរិវេណជុំវិញមិនពេញចិត្តទេ ។ ហេតុនេះ ត្រូវតែទៅសួរលោក Suriya Jungrungruangkit រដ្ឋមន្ត្រីក្រសួងគមនាគមន៍ ព្រោះលោកមិនមែនជាអ្នកចង់ដំឡើងពន្ធប្រេងឥន្ធនៈទេ ។
នៅពេលអ្នកសារព័ត៌មានសួរថា តើការដំឡើងពន្ធប្រេងឥន្ធនៈ គឺជាការប្រឆាំងនឹងគោលនយោបាយរបស់លោក Peeraphan រដ្ឋមន្ត្រីក្រសួងថាមពល ឬយ៉ាងណា ខណៈលោកចង់ជួយសម្រាលបន្ទុកពលរដ្ឋ? លោក Peeraphan លើកឡើងថា ៖ «រដ្ឋមន្ត្រីគ្រប់រូបអាចកំណត់គោលនយោបាយបាន តែអ្វីដែលពាក់ព័ន្ធគ្នា គឺត្រូវពិភាក្សាគ្នាថា តើគួរអនុវត្តបែបណា» ៕ ប្រភព ៖ Mono News










