ក្រសួងពាណិជ្ជកម្ម បានចាត់វិធានការតាមផ្លូវច្បាប់លើការប្រព្រឹត្តល្មើស ដោយក្រុមហ៊ុន SENG CHEANG MONG FOOD CORP ដែលមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដែលកំពុងប្រើប្រាស់ស្លាកសញ្ញាប្រាសាទបាយ័ន លើសំបកវេចខ្ចប់សរសៃបាញ់កាញ់ក្រៀម ដាក់លក់លើទីផ្សារផ្ទាល់ និងទីផ្សារអនឡាញ ក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដារនៃសហរដ្ឋអាម៉េរិក។
ក្រៅពីបានប្រើប្រាស់រូបប្រាសាទបាយ័នហើយនោះ ក្រុមហ៊ុននេះក៏បានយករូបប្រាសាទអង្គរវត្ត ប្រើលើសំបកវេចខ្ចប់ផលិតផល សរសៃគុយទាវបាញ់កាញ់ក្រៀម និងមុខទំនិញខ្លះទៀត ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា។

ជុំវិញករណីនេះ ក្រសួង ក៏បាននិងកំពុងណែនាំដល់អនុព័ន្ធពាណិជ្ជកម្ម និងតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស បន្តការស្រាវជ្រាវ ហើយផ្តល់ព័ត៌មានមកក្រសួងពាណិជ្ជកម្ម ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ លើករណីផ្សេងទៀតផងដែរ៕