វៀតណាម៖ ឧទ្យានព្រៃឈើ Chuong Duong ដែលពីមុនគឺជាកន្លែងចាក់សំរាមទំហំជិត ៩,០០០ ម៉ែត្រការ៉េ ត្រូវបានសម្អាតដោយប្រជាពលរដ្ឋដោយដាំដើមឈើ ដំឡើងភ្លើង និងដំឡើងម៉ាស៊ីនហាត់ប្រាណ។
នៅថ្ងៃទី២០ ខែធ្នូ ប្រជាពលរដ្ឋជាច្រើននាក់នៅហាណូយបានស្ម័គ្រចិត្តចុះទៅសួនព្រៃក្បែរមាត់ទន្លេក្រហម ហើយចាប់ផ្តើមរើសសំរាម និងបោសស្លឹកឈើជ្រុះ ដោយស្ត្រីម្នាក់បាននិយាយថា ពួកគេបានស្ម័គ្រចិត្តចុះទៅសួនសម្អាតពីរដងក្នុងមួយថ្ងៃ ដូច្នេះប្រសិនបើយើងឃើញន្លែងណាកខ្វក់ យើងនឹងសម្អាតវា មិនចាំបាច់មានអ្នកណាមករំលឹកយើងទេ។
ស្ត្រីម្នាក់នោះក៏បានបន្តទៀតថា “ឧទ្យាននេះគឺជាសម្បត្តិសាធារណៈ” ហេតុនេះហើយ យើងគួរតែបោសសម្អាតជារៀងរាល់ថ្ងៃ ក៏ដូចជាដាំដុះរុក្ខជាតិបៃតងឱ្យបានច្រើន ដើម្បីប្រែក្លាយកន្លែងចាក់សំរាមដ៏កខ្វក់នេះទៅជាឧទ្យានព្រៃឈើដ៏ស្រស់ស្អាតសម្រាប់អ្នកទេសចរ។
ឧទ្យានព្រៃឈើ Chuong Duong ឬសួនព្រៃឈើនៅមាត់ទន្លេក្រហម ពីមុនតំបន់នេះជាកន្លែងប្រមូលសំរាម និងទឹកស្អុយ ក៏ដូចជាមានក្លិនស្អុយ និងមានមូស រួមទាំងមានសត្វល្អិតជាច្រើនផងដែរ។ កន្លែងនេះក៏ធ្លាប់ជាកន្លែងសម្រាប់អ្នកញៀនថ្នាំ និងមនុស្សមិនល្អជាច្រើនមកជួបជុំគ្នាធ្វើឱ្យអ្នកស្រុកមិនហ៊ានចូលមកទៀតផង។
ទោះជាយ៉ាងណាក៏ដោយ អតីតកន្លែងចាក់សំរាមនេះបច្ចុប្បន្នក្លាយជាតំបន់បៃតង ដែលពោរពេញទៅដោយសួនព្រៃឈើ សួនកុមារ កន្លែងហាត់ប្រាណ កីឡា និងសួនកម្សាន្តប្រកបដោយផាសុកភាព។ ជាពិសេសតំបន់នេះក៏មានសត្វស្លាបធ្វើចំណាកស្រុកហោះហើរឆ្លងកាត់ បង្កើតបានជាប្រព័ន្ធអេកូឡូស៊ីចម្រុះផងដែរ។
លោក Nguyen Tieu Quoc Dat នាយកសួនកម្សាន្ត Thinks ដែលជាអង្គភាពរៀបចំគម្រោងបានមានប្រសាសន៍ថា ដំបូងឡើយប្រជាជនមានការព្រងើយកន្តើយ ប៉ុន្តែនៅពេលដែលយើងសម្អាតកាកសំណល់ជាង ២០០ តោន និងចាក់ដី ប្រជាពលរដ្ឋជាច្រើនក៏បានស្ម័គ្រចិត្តចុះទៅសួនជួយសម្អាត ក៏ដូចជាដាំដុះព្រៃឈើ រៀបចំភ្លើងពណ៌ ស្រោចទឹករុក្ខជាតិជាដើម។ ដូច្នេះការអភិវឌ្ឍនេះក៏ដោយសារការរួមសាមគ្គីគ្នាផងដែរ ប្រសិនបើយើងធ្វើតែម្ខាង ក៏វាមិនល្អដូចសព្វថ្ងៃនេះដែរ៕










