Katie MacRae គឺត្រូវបានគេស្គាល់ជាស្រ្តីវ័យចំណាស់មួយរូប ដែលកាលពីខែមុននេះបានប្រារព្ធខួបកំណើតក្នុងវ័យ ១០៦ឆ្នាំរបស់នាង ហើយវាពិតជាធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីស្រ្តីរូបនេះបានទម្លាយនូវរឿងរ៉ាវសាមញ្ញៗ៤យ៉ាងនេះសោះ បានធ្វើឲ្យនាងរឹងមាំនិងអាយុវែង។
ដូនចាស់ Katie MacRae កើតនៅចក្រភពអង់គ្លេសក្នុងឆ្នាំ១៩១៧ ខណៈអំឡុងពេលកំពុងផ្ទុះសង្គ្រាមលោកលើកទី១។ បន្ទាប់ពីនាងបានឈប់រៀននៅអាយុ១៥ឆ្នាំ ក៏បានធ្វើការជាលេខានៅស្ថាប័នមួយចំនួនជាហូរហែរ។ នាងនិងស្វាមីក៏បានផ្លាស់ទីលំនៅទៅប្រទេសអូស្រ្តាលីវិញនៅក្នុងឆ្នាំ១៩៦៥ ហើយក៏រស់នៅទីនោះរហូតនៅដល់បច្ចុប្បន្ននេះ។ បន្ទាប់ពីនាងត្រូវបានប្តីស្លា.ប់ចោល ក៏បានទៅរស់នៅក្នុងមណ្ឌលចាស់ជរា ហើយកាលពីពេលថ្មីៗនេះខាងមណ្ឌលក៏បានរៀបចំពិធីខួបកំណើតសម្រាប់អ្នកដែលរស់នៅបានជាង១០០ឆ្នាំដូចជារូបនាង ក៏ដូចជាឲ្យរៀបរាប់ពីរឿងរ៉ាវនៃជីវិតផ្សេងៗ។
នាងក៏បានប្រាប់មកកាន់គេហទំព័រ Business Insider ថា « ដំបូន្មានរបស់ខ្ញុំទៅកាន់មនុស្សគ្រប់គ្នាគឺត្រូវតែរស់នៅដោយបំពេញតម្រូវការខ្លួនឯង ព្រមជាមួយនឹងស្នាមញញឹម និងរីករាយជាមួយនឹងអ្វីដែលចូលមកនៅក្នុងឆាកជីវិត។ ជាមួយគ្នានេះនាងក៏បានចែករំលែកទម្លាប់៤យ៉ាងដែលនាងតែងតែធ្វើជាប្រចាំ។
១ ថែសួនពេញមួយជីវិតរបស់នាង ៖ MacRae បាននិយាយថា “ខ្ញុំចូលចិត្តថែសួន ហើយតែងតែធ្វើតាំងពីខ្ញុំនៅតូចមកម្ល៉េះ”។ នាងក៏បានចូលរួមការប្រកួតប្រជែងធ្វើសួនច្បារតាមដងផ្លូវ ហើយយើងបានឈ្នះរង្វាន់នៅពេលនាងមានអាយុ ១២ ឬ ១៣ ឆ្នាំផងដែរ។ នាងបានបន្តធ្វើសួនច្បារពេញមួយជីវិតរបស់នាង រួមទាំងការដាំរុក្ខជាតិ “ទាំងអស់” នៅមជ្ឈមណ្ឌលចាស់ជរារបស់នាង និងបានឈ្នះការប្រកួតប្រជែង “Best in Grow” ទៀតផង ។ បើយោងទៅលើអ្នកស្រាវជ្រាវម្នាក់ក៏បាននិយាយដែរថា ការថែសួន និងដាំដំណាំផ្សេងៗ វាក៏ជាលំហាត់ប្រាណមួយដែរ មិនត្រឹមតែវាផ្តល់នូវបន្លែធម្មជាតិស្រស់ៗញ៉ាំជាប្រចាំនោះទេ ក៏បានឲ្យសរីរាង្គកាយរបស់យើងទទួលបានវីតាមីន D ពីពន្លឺព្រះអាទិត្យទៀតផង។
២ លេងប៊ូល៖ MacRae គឺនិយមលេងប៊ូលពេញមួយជីវិតបស់នាង ហើយថ្មីៗនេះក៏មានការប្រកួតប៊ូលនៅមណ្ឌលរបស់នាងផងដែរ។ នាងតែងតែលេងវាជាប្រចាំជាមួយនឹងមិត្តចាស់ៗរបស់នាង ហើយនាងបាននិយាយថា៖ «សូម្បីតែអ្នកដើរមិនបាន (ជិះរទេះរុញ)ក៏អាចលេងល្បែងនេះយ៉ាងសប្បាយរីករាយបានដែរ។ ការស្រាវជ្រាវផ្សេងៗបានលើកឡើងថា ការធ្វើលំហាត់ប្រាណជាទៀងទាត់គឺជាគន្លឹះសម្រាប់បង្កើនឲ្យយើងមានសុខភាពល្អ ដោយពុំចាំបាច់ទៅកន្លែងហាត់ប្រាណនោះទេ។ តាមពិត មនុស្សចាស់មួយចំនួនមិនទៅកន្លែងហាត់ប្រាណដោយផ្ទាល់នោះទេ ជំនួសវិញដោយពួកគេដើរច្រើន ឡើងជណ្តើរ និងលេងកីឡាសាមញ្ញផ្សេងៗ ក៏វាដូចគ្នាទៅនឹងការហាត់ប្រាណ ថែមទាំងធ្វើឲ្យរីករាយកាន់តែច្រើនឡើងទៀតផង។
៣ ធ្វើការនិងធ្វើឲ្យខ្លួនឯងរវល់ជានិច្ច៖ MacRae បានធ្វើការជាលេខាស្ទើរតែពេញមួយឆាកជីវិតរបស់នាង ទាំងនៅក្នុងចក្រភពអង់គ្លេស និងអូស្ត្រាលី គឺមានន័យថានាងមិនដែលទុកឲ្យខ្លួនឯងទំនេរចោលនោះទេ។ យោងទៅតាមគេហទំព័រ BI បានលើកឡើងដែរថា ភាពសកម្មនៃខួរក្បាល ត្រូវបានគេទទួលស្គាល់ថាជាវិធីមួយដែលអាចរស់នៅបានយូរ ព្រោះវាស្រដៀងគ្នាទៅនឹងការធ្វើលំហាត់ប្រាណ ព្រមជាមួយនឹងការទទួលទានរបបអាហារល្អៗ។
៤ ត្រូវតែមានស្នាមញញឹមជានិច្ច៖ ដំបូន្មានដ៏ធំបំផុតរបស់ MacRae គឺ “គ្រាន់តែញញឹម សប្បាយចិត្ត និងរីករាយនឹងជីវិត” ដែលនាងតែងតែធ្វើរឿងទាំងនេះទៅកាន់មនុស្សជុំវិញខ្លួនប្រកបដោយសេចក្តីស្រលាញ់ ហើយពិតជាមានសេចក្តីសុខ ហើយកាលណាដែលមានសេចក្តីសុខនឹងបង្កើនអាយុទ្វេដង៕










