ប្រទេសថៃ ៖ ក្រោយពីមានមតិមួយចំនួនរិះគន់ថា ការចូលទស្សនាល្អាង «ណាងណន ឬនាងដេក» នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ មានតម្លៃថ្លៃខ្លាំង អាជ្ញាធរឧទ្យានជាតិនេះលើកឡើងថា តម្លៃចូលទស្សនាល្អាង «ណាងណន ឬនាងដេក» ចំនួន៩៥០បាត មិនថ្លៃទេ ។ នៅពេលមានភ្ញៀវទេសចរចូលក្នុងល្អាងម្តងៗ ត្រូវមានភ្នាក់ងារចំនួន៥នាក់ចូលទៅតាមដែរ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរ ដោយសារក្នុងល្អាងមានគ្រោះថ្នាក់ ។
លោក ឈុតដេត កុមណុបឆានុត ប្រធានគ្រប់គ្រងតំបន់អភិរក្សទី១៥ បានធ្វើសេចក្តីថ្លែងការណ៍មួយ ស្តីពីតម្លៃចូលទស្សនាល្អាង «ណាងណន ឬនាងដេក» គឺស្មើនឹង៩៥០បាត សម្រាប់ជនជាតិថៃ រីឯជនបរទេស ស្មើនឹង១.៥០០បាត ។ លោកលើកឡើងថា ជាធម្មតា ភ្ញៀវទេសចរអាចចូលទស្សនាក្នុងល្អាងនេះដោយពុំគិតថ្លៃ គឺចាប់ពីមាត់ល្អាងទៅដល់ចំណុចទី១ ដែលមានចម្ងាយផ្លូវប្រមាណ២០០ម៉ែត្រ ។
ចំណែកការចូលទស្សនាក្នុងល្អាង រហូតដល់ចំណុចទី២ និងទី៣ គឺត្រូវធ្វើដំណើរផ្លូវឆ្ងាយ ហើយអាជ្ញាធរត្រូវចាត់កម្លាំងឱ្យជួយការពារសុវត្ថិភាពភ្ញៀវទេសចរយ៉ាងពិសេស ។ ហេតុនេះ ត្រូវមានអ្នកជំនាញ ភ្នាក់ងារសង្គ្រោះបន្ទាន់ និងអ្នកដើរនាំផ្លូវផងដែរ ហើយសរុបមានភ្នាក់ងារចំនួន៥នាក់ ដែលត្រូវដើរចូលល្អាងជាមួយភ្ញៀវទេសចរ ។
អាជ្ញាធរបានកំណត់ចំនួនភ្ញៀវទេសចរចូលក្នុងល្អាង១លើក មិនលើសពី១០នាក់ទេ ហើយមិនលើស២លើក ក្នុង១ថ្ងៃ ។ ការកំណត់បែបនេះ ដើម្បីការពារសុវត្ថិភាព ព្រោះនៅក្នុងល្អាងមានគ្រោះថ្នាក់ ហើយអាជ្ញាធរត្រូវការពារសុវត្ថិភាពឱ្យភ្ញៀវទេសចរយ៉ាងពិសេស ។ ហេតុនេះ តម្លៃចូលក្នុងល្អាងចំនួន៩៥០បាតក្នុងម្នាក់ មិនថ្លៃទេ ព្រោះត្រូវយកប្រាក់ចំនួន៥០០ មកផ្តល់ឱ្យភ្នាក់ងារចំនួន៥នាក់ ។
ចំណែកប្រាក់ចំនួន១៥០បាត នឹងបញ្ចូលក្នុងមូលនិធិអ្នកការពារព្រៃឈើ និងអាជ្ញាធរឧទ្យានជាតិរងរបួស និងស្លា.ប់ ។ រីឯប្រាក់ចំនួន៣០០បាតទៀត នឹងដាក់បញ្ចូលក្នុងមូលនិធិសុខុមាលភាពល្អាង ក្នុងនោះមានការជួសជុលឧបករណ៍ក្នុងល្អាង និងក្រៅល្អាង ។ អាជ្ញាធរបញ្ជាក់ថា មានភ្ញៀវទេសចរបរទេសបានទំនាក់ទំនងសុំចូលក្នុងល្អាងរួចហើយ ដោយពួកគេមិនបារម្ភរឿងតម្លៃទេ ព្រោះវាថោកសម្រាប់ភ្ញៀវទេសចរបរទេស ។
លោក ឈុតដេត កុមណុបឆានុត ប្រធានគ្រប់គ្រងតំបន់អភិរក្សទី១៥ លើកឡើងថា ៖ «ចាប់ពីមាត់ល្អាងណាងណន រហូតដល់ចំណុចទី១ ភ្ញៀវទេសចរអាចចូលទស្សនាបានតាមធម្មតា មិនចាំបាច់ចំណាយប្រាក់ទេ ។ ដូចគ្នានេះ ពួកគេក៏អាចដើរលេងនៅខាងក្រៅល្អាងបានដូចគ្នា ។ ឧទ្យានជាតិ «ណាងណន» និងឧទ្យានជាតិនៅទូទាំងខេត្តឈៀងរ៉ាយ និងផាយ៉ៅ ក៏ដូចជាឧទ្យានជាតិនៅទូទាំងប្រទេសថៃ នឹងរីករាយស្វាគមន៍ទទួលភ្ញៀវទេសចរគ្រប់រូប» ។![]()
គួរបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុននេះ ល្អាង «ណាងណន ឬនាងដេក» ធ្លាប់មានប្រវត្តិល្បីល្បាញនៅទូទាំងពិភពលោក ករណីមានហេតុការណ៍ក្មេងៗចំនួន១៣នាក់បានបាត់ខ្លួននៅក្នុងល្អាងអស់ជាច្រើនថ្ងៃ ។ ក្រោយមក ក្រុមអាជ្ញាធរបានជួយសង្គ្រោះពួកគេចេញមកក្រៅវិញដោយសុវត្ថិភាព ៕ ប្រភព ៖ Chiang Mai News










