បុរសដែលទទួលទានម្ទេសក្នុងកម្រិតមធ្យមអាចធ្វើឱ្យមុខងារផ្លូវភេទប្រសើរឡើង និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត នេះបើយោងតាមការសិក្សាមួយចំនួនរបស់សហរដ្ឋអាមេរិក។ អាហារដែលយើងញ៉ាំមានតួនាទីសំខាន់ក្នុងដំណើរឈាមរត់ពេញរាងកាយ ហេតុនេះហើយប្រសិនបើយើងបន្ថែមម្ទេសពីលើម្ហូបអាហារ វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព រួមទាំងផ្នែកសរីរវិទ្យាផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍ពេលបុរសទទួលទានម្ទេសក្នុងកម្រិតល្មម៖
១.ធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម៖ ម្ទេសមានផ្ទុកសារធាតុ Capsaicin ដែលអាចធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម រួមទាំងកាត់បន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុល ក៏ដូចជាធ្វើឱ្យលំហូរឈាមក្នុងរាងកាយកាន់តែប្រសើរ និងកាន់តែងាយស្រួលសម្រាប់បុរសក្នុងការសម្រេចបាន និងរក្សាការឡើងរឹងរបស់លិង្គ។ លើសពីនេះ Capsaicin ក៏ជួយកាត់បន្ថយការរលាកដែលមានប្រយោជន៍សម្រាប់សុខភាពផ្លូវភេទផងដែរ។
២.បង្កើនចំណង់ផ្លូវភេទ៖ យោងតាមការសិក្សាឆ្នាំ ២០១៥ របស់សាកលវិទ្យាល័យ Grenoble Alpes ប្រទេសបារាំង ដែលមានអ្នកចូលរួមជាង ១០០ នាក់ បានបង្ហាញថា បុរសដែលចូលចិត្តអាហារហឹរ ភាគច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងមុខងារផ្លូវភេទកាន់តែប្រសើរឡើង។
៣.កាត់បន្ថយភាពតានតឹង៖ យោងតាមការសិក្សាជាច្រើនបានបង្ហាញថាជាតិហឹរនៃម្ទេសអាចកាត់បន្ថយការថប់បារម្ភ និងកាត់បន្ថយភាពតានតឹងយ៉ាងមានប្រសិទ្ធភាព ព្រោះរសជាតិហឹរជួយជំរុញខួរក្បាលឱ្យបញ្ចេញអរម៉ូន endorphins ធ្វើឱ្យអារម្មណ៍កាន់តែរីករាយ កាត់បន្ថយភាពតានតឹង និងជួយបន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។
៤.ការពារជំងឺមហារីកក្រពេញប្រូស្តាត៖ យោងតាមការសិក្សាឆ្នាំ ២០០៦ ដោយសាកលវិទ្យាល័យកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក បានបង្ហាញថា សារធាតុ capsaicin របស់ម្ទេសអាចជួយការពារការលូតលាស់នៃកោសិកាមហារីកក្រពេញប្រូស្តាត ហើយថែមទាំងមានសមត្ថភាពសម្លាប់ពួកវាទៀតផង៕










