ក្រោយពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបាន ត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់នោះ ឥឡូវនេះស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
នៅក្នុងដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីដែលមិនព្រមចូលមកបង្ហាញខ្លួនផងដែរ។
សូមរំលឹកថា កាលពីយប់ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ មានរថយន្ត Jeep overland ពាក់ស្លាកលេខ 2CB-9963 ភ្នំពេញ បានបេីកបុកជនរងគ្រោះ ជិះម៉ូតូបណ្ដាលអោយស្លាប់នៅ ខណ្ឌទួលគោក ដែលម្ចាស់រថយន្តឈ្មោះ សុខ លីណា ជាប្រពន្ធលោកមេធាវី ព្រហ្ម វិចិត្រសុភា មានទីលំនៅផ្ទះលេខ ៥២ដេ ផ្លូវលេខ ៦៣ ភូមិ ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ចំពោះអ្នកបេីកបររថយន្តបុកគេស្លាប់នេះ ត្រូវបានគេសង្ស័យថាជាកូនប្រុស លោកស្រី សុខ លីណា ព្រោះតាម ឯកសារដែលសមត្ថកិច្ចរកឃើញក្នុងរថយន្ដមានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា ធ្វេីការនៅ អគ្គនាយកដ្ឋានភស្តុភារ និង ហិរញ្ញវត្ថុ៕












