បរទេស៖ ស្ត្រីម្នាក់ឈ្មោះ Jessica Vincent បានទិញថូកែវចំណាស់មួយនៅហាងជជុះ ក្នុង Hanover County រដ្ឋ Virginia សហរដ្ឋអាមេរិកក្នុងតម្លៃ ៣.៩៩ ដុល្លារ ប៉ុន្តែត្រូវបានគេស្គាល់ថាជាថូដ៏កម្រមួយរបស់ស្ថាបត្យករអ៊ីតាលីដ៏ល្បីល្បាញ Carlo Scarpa និងត្រូវបានលក់ដេញថ្លៃក្នុងម្លៃជាង ១០ ម៉ឺនដុល្លារអាមេរិក។
យោងតាមគេហទំព័រអន្តរជាតិ USA Today ដែលបានចុះផ្សាយនៅថ្ងៃទី១៨ ខែធ្នូថា ស្ត្រីដើរទិញឥវ៉ាន់ម្នាក់នៅរដ្ឋ Virginia បានប្រទះឃើញថូកែវចំណាស់មួយក្នុងហាង thrift បន្ទាប់មកនាងក៏ទិញវាក្នុងតម្លៃត្រឹមតែ ៣.៩៩ ដុល្លារអាមេរិកប៉ុណ្ណោះ។ នៅថ្ងៃដដែរនោះ Vincent បានប្រទះឃើញ M តូចមួយនៅខាងក្រោមថូ ហើយគិតថាវាអាចតំណាងឱ្យ Murano ដែលជាកោះអ៊ីតាលីដ៏ល្បីល្បាញសម្រាប់គ្រឿងកញ្ចក់របស់វា។
ថូដ៏កម្រនោះមានពណ៌ ក្រហម និងពណ៌ទឹកសមុទ្រដែលអាចប្រែពណ៌នៅក្នុងស្ថានភាពល្អឥតខ្ចោះ ធ្វើឱ្យនាងគិតថាថូនេះអាចមានតម្លៃ ១,០០០ ទៅ ២,០០០ ដុល្លារ។ បន្ទាប់មកស្ត្រីម្នាក់នោះក៏បានរៀនអំពីថូតាមអ៊ីនធឺណិត ហើយអ្នកដែលចូលចិត្តវត្ថុបុរាណបានចង្អុលបង្ហាញថា ថូរបស់នាងគឺស្រដៀងនឹងស្នាដៃរបស់ស្ថាបត្យករអ៊ីតាលីដ៏ល្បីល្បាញម្នាក់គឺលោក Carlo Scarpa ។
ដូច្នេះហើយ នៅថ្ងៃបន្ទាប់ Vincent ក៏បានផ្ញើរូបភាពនៃថូទៅមជ្ឈមណ្ឌលដេញថ្លៃ Wright ហើយប្រធានមជ្ឈមណ្ឌល Richard Wright បានទាក់ទងទៅនាងភ្លាមៗតែម្តង ដោយប្រធានមជ្ឈមណ្ឌលនោះ បាននិយាយថា៖ «ពេលគាត់បានឃើញរូបថតនោះ គាត់គិតថាវាអស្ចារ្យណាស់។
មិនយូរប៉ុន្មាន ថូកែវដ៏ចំណាស់របស់ Vincent ក៏ត្រូវបានលក់ដេញថ្លៃក្នុងតម្លៃ ១០៧,១០០ ដុល្លារអាមេរិក បន្ទាប់ពីវាត្រូវបានគេកំណត់ថាជាផ្នែកមួយនៃស្នាដៃសិល្បៈបុរាណ និងជាវត្ថុដ៏កម្រមួយរបស់ស្ថាបត្យករក្នុងទសវត្សរ៍ឆ្នាំ ១៩៤០៕










