សហរដ្ឋអាមេរិក ៖ អ្នកកំណត់គោលនយោបាយហិរញ្ញវត្ថុរបស់អាមេរិកបានបញ្ជាក់ថា បច្ចេកវិទ្យា AI មានហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុជាលើកដំបូង ។ រីឯភ្នាក់ងារត្រួតពិនិត្យស្ថិរភាពហិរញ្ញវត្ថុបញ្ជាក់ថា បច្ចេកវិទ្យានេះបង្កហានិភ័យដល់សន្តិសុខហិរញ្ញវត្ថុ ប៉ុន្តែនៅពេលជាមួយគ្នានេះ វាក៏បានផ្តល់ឱកាសផងដែរ ។
អ្នកកំណត់គោលនយោបាយហិរញ្ញវត្ថុអាមេរិកបញ្ជាក់ថា បច្ចេកវិទ្យា AI មានហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុជាលើកដំបូង បើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ភ្នាក់ងារត្រួតពិនិត្យស្ថិរភាពហិរញ្ញវត្ថុបង្ហាញថា ការយកបច្ចេកវិទ្យា AI មកប្រើប្រាស់ក្នុងសេវាកម្មហិរញ្ញវត្ថុនឹងជួបហានិភ័យ ។ លើសពីនេះ គេត្រូវតាមដានយ៉ាងដិតដល់ ដូចជា ៖ ហានិភ័យលើសុវត្ថិភាព ។ របាយការណ៍បញ្ជាក់ទៀតថា មន្ត្រីពាក់ព័ន្ធត្រូវតែមានចំណេះដឹង និងសមត្ថភាព ដើម្បីតាមដានបច្ចេកវិទ្យា AI ឱ្យបានដិតដល់ ។
ចំណែកលោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលើកឡើងថា ឧស្សាហកម្មហិរញ្ញវត្ថុនឹងយកបច្ចេកវិទ្យា AI មកប្រើប្រាស់បន្ថែមទៀតដើម្បីសម្របខ្លួនតាមបច្ចេកវិទ្យាទំនើប ។ ហេតុនេះ វាអាចជួយឱ្យប្រព័ន្ធផ្សេងៗដំណើរការយ៉ាងមានប្រសិទ្ធភាព ហើយយើងក៏ត្រូវមានច្បាប់គ្រប់គ្រងហានិភ័យផងដែរ ដោយសារការប្រើប្រាស់បច្ចេកវិទ្យាទំនើប ។
កាលពីខែតុលា ឆ្នាំ២០២៣ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្លាប់បានប្រកាសឱ្យគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យា AI ដោយកំណត់គោលដៅដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ ។ លោក ចូ បៃដិន ក៏បានបញ្ជាក់ដែរថា AI នៅជុំវិញខ្លួនយើង វាធ្វើឱ្យជីវិតយើងល្អប្រសើរឡើង ប៉ុន្តែពេលខ្លះ វាអាចធ្វើឱ្យជីវិតយើងកាន់តែអាក្រក់បាន ។
រដ្ឋាភិបាលអាមេរិក និងអ្នកសិក្សានៅជុំវិញពិភពលោក បានបង្ហាញការបារម្ភពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាទំនើបយ៉ាងឆាប់រហ័ស ខណៈមានសំណួរមួយចំនួនលើកឡើងអំពីក្រមសីលធម៌, ភាពឯកជន, សន្តិសុខជាតិ និងការបំពានសិទ្ធិផ្សេងៗ ។
ចំណែកលទ្ធផលការស្ទង់មតិរបស់សាកលវិទ្យាល័យ Stenford ចង្អុលបង្ហាញថា អ្នកធ្វើការពាក់ព័ន្ធនឹងការស្រាវជ្រាវពីបច្ចេកវិទ្យា AI បានដាស់តឿនថា បុគ្គលិកជាច្រើននាក់ក្នុងក្រុមហ៊ុន ពួកគេមិនយកចិត្តទុកដាក់លើក្រមសីលធម៌ទេ បើទោះជាមានការអំពាវនាវឱ្យផ្តោតសំខាន់លើសុវត្ថិភាពក្តី ៕ ប្រភព ៖ TNN World










