ប្រទេសចិន ៖ វាបានក្លាយជាវីដេអូមួយល្បីល្បាញ និងទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមនៅប្រទេសចិន នៅពេលបុរសជនជាតិចិនម្នាក់ ដែលគេហៅគាត់ថា «Spider-Man» បានព្យាយាមឡើងលើជញ្ជាំង Apartment មួយកន្លែងមានកម្ពស់៣ជាន់ ដើម្បីជួយសង្គ្រោះជីវិតក្មេងស្រីម្នាក់ឱ្យរួចផុតពីសេចក្តីស្លា.ប់ ។

ក្មេងស្រីនេះបានជាប់ក្បាលនៅក្នុងប្រហោងដែកនៃ Apartment ដែលមានកម្ពស់៣ជាន់ ហើយដោយសារវាមានកម្ពស់ខ្ពស់ ទើបគ្មានអ្នកណាម្នាក់ហ៊ានឡើងទៅជួយនាងទេ ។ ប៉ុន្តែសំណាងល្អ មានបុរសម្នាក់សុខចិត្តប្រថុយជីវិតឡើងទៅជួយនាងដល់ជាន់ទី៣ ។

ហេតុការណ៍នេះបានកើតឡើងនៅខេត្តក្វាងទុង ប្រទេសចិន គឺនាងតូចនេះត្រូវបានក្រុមគ្រួសារទុកឱ្យនៅផ្ទះតែម្នាក់ឯង ហើយពួកគេបានចាក់សោរទ្វារពីក្រៅដើម្បីកុំឱ្យនាងដើរចេញពីផ្ទះ ។ បើតាមអ្នករស់នៅក្បែរនោះប្រាប់ថា ពួកគេក៏ពុំដឹងថា តើនាងបានជាប់ក្បាលក្នុងប្រហោងដែកដោយរបៀបណាទេ ។ នៅពេលឃើញបែបនេះ ពួកគេក៏ប្រញាប់រត់ទៅយកផ្ទាំងក្រណាត់ធំមួយមកចាំទ្រនៅខាងក្រោម ក្រែងនាងធ្លាក់ចុះមកដី ។

បើតាមវីដេអូបង្ហាញថា ក្មេងស្រីនេះបានជាប់ក្បាលក្នុងប្រហោងដែក ហើយខ្លួនប្រាណនាងមិនបានស្ថិតនៅលើ Apartment ទេ ។ នាងត្រូវបានចម្រឹងដែករឹតកយ៉ាងខ្លាំង និងពិបាកដកដង្ហើម ខណៈអ្នកនៅក្បែរនោះនាំគ្នាលើកផ្ទាំងក្រណាត់ធំមួយចាំទទួលនាងនៅខាងក្រោម ។

ក្រោយឃើញបែបនេះ បុរសម្នាក់ក៏សម្រេចចិត្តឡើងលើជញ្ជាំងទៅជួយនាង ហើយពេលទៅដល់ជាន់ទី៣ គាត់បានជួយលើកខ្លួនប្រាណនាងឡើងលើ ដើម្បីឱ្យនាងងាយស្រួលដកដង្ហើម និងកុំឱ្យដែករឹតកខ្លាំងពេក ។ ចុងក្រោយ គាត់ក៏អាចជួយសង្គ្រោះជីវិតនាងឱ្យរួចផុតពីសេចក្តីស្លា.ប់ និងធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនសរសើរគ្រប់ៗគ្នាថា គាត់ជា Spider-Man និងជាអ្នកក្លាហានពិតប្រាកដ ។

ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ អ្នកលេងបណ្តាញសង្គមមួយចំនួនបានសំណូមពរថា សូមឪពុក-ម្តាយគ្រប់រូបគិតឱ្យបានគ្រប់ជ្រុងជ្រោយពីសុវត្ថិភាពកូនរបស់ពួកគេ ជាពិសេស ការទុកឱ្យកូនតូចៗនៅផ្ទះតែម្នាក់ឯង ។ ការចាក់សោរទ្វារពីខាងក្រៅ វាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ចំពោះក្មេងៗ ជាពិសេស នៅពេលមានហេតុការណ៍ភ្លើងឆេះផ្ទះ ពួកគេនឹងស្លា.ប់ក្នុងភ្លើងមិនខាន ៕

ប្រភព ៖ Mono News