ជប៉ុន៖ អាហារហួសកំណត់ ឬអាហារមិនស្តង់ដារច្រើនតែលក់ក្នុងតម្លៃថោកនៅតាមផ្សារទំនើបនានា កំពុងក្លាយជាទំនិញដែលប្រជាជនជប៉ុនចង់បាន។
យោងតាមគេហទំព័រអន្តរជាតិ The Straits Times បានឱ្យដឹងថា ផ្សារទំនើបជាច្រើននៅក្នុងប្រទេសជប៉ុនកំពុងបើកលក់អាហារដែលផុតកំណត់ ដោយសារតម្រូវការអ្នកទិញផលិតផលនេះកើនឡើងយ៉ាងខ្លាំង។ លោក Yusuke Ogata ម្ចាស់ផ្សារទំនើប Ecolo Marches បាននិយាយថា តាមពិតទៅអាហារដែលផុតកំណត់មិនមែនមានន័យថាវាខូចទាំងអស់នោះទេ។
លោក Ogata បានបន្តទៀតថា ជាទូទៅអាហារដែលមិនទាន់ផុតកំណត់គឺមានតម្លៃថ្លៃនិងល្អបំផុត ១០០% ប៉ុន្តែសម្រាប់ប្រភេទផលិតផលហួសកំណត់ ឬមិនស្តង់ដារវិញក៏ល្អដែរ ៥០/៥០ ដោយសារប្រទេសជប៉ុនគឺតឹងរ៉ឹងណាស់ក្នុងការផលិតអាហារនីមួយៗ ដូច្នេះផលិតផលនៅក្នុងប្រទេសជប៉ុនទោះបីផុតកំណត់ក៏មានគុណភាពល្អដែរ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងស្លាក “កាលបរិច្ឆេទផុតកំណត់” នៅលើផលិតផលដូចជា ទឹកដោះគោ និងទឹកដោះគោជូរ អ្នកប្រើប្រាស់ត្រូវបានណែនាំមិនឱ្យប្រើវាលើសពីកាលបរិច្ឆេទដែលមានចែងនៅលើវេចខ្ចប់នោះទេ។
ម្ចាស់ផ្សារទំនើបរូបនេះបានឱ្យដឹងទៀតថា អាហារដែលហួសកាលបរិច្ឆេទ ត្រូវបានយកទៅភ្លក់ ក៏ដូចជាត្រួតពិនិត្យគុណភាពយ៉ាងដិតដល់បំផុត។ ផ្សារទំនើប Maruyasu ដែលលក់ផលិតផលផុតកំណត់មានទីតាំងចំនួន ៦ ក្នុងទីក្រុងតូក្យូ និងខេត្ត Saitama ដោយការលក់បច្ចុប្បន្នបានកើនឡើង ១.៣ ដងធៀបនឹងឆ្នាំមុន។
យោងតាមការស្ទង់មតិតាមអ៊ីនធឺណិតរបស់ Kuradashi ដែលបានធ្វើឡើងនៅក្នុងខែតុលាជាមួយមនុស្សជាង ៣,០០០ នាក់ដែលមានអាយុពី ២០ ឆ្នាំដល់ ៨០ ឆ្នាំ បានបង្ហាញថា មនុស្ស ៩៣% និយាយថា ពួកគេមិនខ្វល់ពីរូបរាងរបស់ផលិតផលនោះទេ ដរាបណាមិនមានបញ្ហាជាមួយនឹងរសជាតិ ឬគុណភាព ពួកគេនៅតែទិញអាហារដែលផុតកំណត់ទាំងនោះបន្តទៀត។ រីឯមនុស្សប្រមាណ ៧០% បាននិយាយថា ការទិញផលិតផលដែលមិនស្របតាមស្តង់ដារ ឬជិតផុតកំណត់គឺដោយសារតែវាមានតម្លៃថោក។
ទោះជាយ៉ាងណាក៏ដោយ យោងតាមលោកស្រី Mika Onodera អាយុ ៤៤ ឆ្នាំបាននិយាយថាគាត់បានដើរទិញឥវ៉ាន់ផុតកំណត់អស់រយៈពេល ៣ ឆ្នាំមកហើយ ដើម្បីចិញ្ចឹមគ្រួសាររបស់គាត់ដែលមានសមាជិក ៩ នាក់។ លោកស្រីបានបន្តថា ការទិញអាហារ ឬផលិតផលដែលផុតកំណត់ បានជួយសម្រួលសេដ្ឋកិច្ចគ្រួសាររបស់គាត់មានភាពល្អប្រសើរជាងមុន ក៏ដូចជាមិនប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនោះទេ៕










