ប្រទេសឥណ្ឌា ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា ក្រសួងពាណិជ្ជកម្មឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៧ ខែធ្នូ កន្លងមក អំពីការផ្អាកការនាំចេញខ្ទឹមបារាំងទៅក្រៅប្រទេស ។ ក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា វិធានការនេះនឹងអនុវត្តរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ។
ប្រទេសឥណ្ឌាបានប្រកាសផ្អាកការនាំចេញខ្ទឹមបារាំងទៅក្រៅប្រទេស ក្រោយពីការដំឡើងអត្រាពន្ធនាំចេញខ្ទឹមបារាំងស្មើរហូតដល់៤០% តាំងពីចុងខែសីហា ឆ្នាំ២០២៣ ហើយការដំឡើងពន្ធនេះនឹងអនុវត្ត រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។ អាជ្ញាធរពាក់ព័ន្ធលើកឡើងថា វិធានការផ្អាកការនាំចេញខ្ទឹមបារាំង គឺដើម្បីរក្សាស្ថិរភាពរបស់ទីផ្សារម្ហូបអាហារក្នុងប្រទេសឥណ្ឌា ខណៈបច្ចុប្បន្ននេះ ខ្ទឹមបារាំងនៅប្រទេសឥណ្ឌាមានតម្លៃខ្ពស់ខ្លាំង ។)
ប៉ុន្តែមនុស្សមួយចំនួនរិះគន់ថា វិធានការនេះ គឺជាការរកសំឡេងឆ្នោតរបស់រដ្ឋាភិបាលឥណ្ឌា ដោយសារប្រទេសឥណ្ឌានឹងធ្វើការបោះឆ្នោតនៅឆ្នាំ២០២៤ ។ បើឥណ្ឌាដែលជាប្រទេសនាំចេញខ្ទឹមបារាំងលំដាប់ទី១ នៅលើពិភពលោកធ្វើការរឹតបន្តឹងការនាំចេញបែបនេះ វាអាចនឹងធ្វើឱ្យខ្វះខាតខ្ទឹមបារាំងនៅលើទីផ្សារពិភពលោក ។ លើសពីនេះ តម្លៃខ្ទឹមបារាំងនឹងកើនឡើងខ្ពស់ទៀតផង ដោយសារប្រទេសផ្សេងទៀតមិនអាចនាំចេញទំនិញប្រភេទនេះ ក្នុងបរិមាណច្រើនដូចប្រទេសឥណ្ឌាទេ ៕ ប្រភព ៖ daily news










