ប្រទេសឥណ្ឌូណេស៊ី ៖ លោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចឥណ្ឌូណេស៊ី បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពី២០ប្រទេស ក្នុងនោះរួមទាំងប្រទេសចិនផងដែរ ដើម្បីទាក់ទាញអ្នកធ្វើដំណើរជាជនបរទេសឱ្យកាន់តែច្រើន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសឈ្មោះ Mono News នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ ។

លោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចឥណ្ឌូណេស៊ី បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយលោកជួបប្រជុំជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី នៅទីក្រុងហ្សាកាតា ថា គោលនយោបាយលើកលែងទិដ្ឋាការនេះ ធ្វើឡើងផ្អែកលើការពិចារណាជាច្រើនកត្តា ដូចជា ៖ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងផ្នែកសុវត្ថិភាព ជាដើម ។ លើសពីនេះ ប្រទេសឥណ្ឌូណេស៊ីនឹងរៀបចំគោលនយោបាយនេះឱ្យរួចរាល់រយៈពេល១ខែ មុនការប្រកាសឱ្យអនុវត្តជាផ្លូវការ ។How To Get A Bali Visa + Which Visa Do You Need? (2022) - Diskova Bali

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីបានកំណត់គោលដៅទទួលយកភ្ញៀវទេសចរបរទេស ស្មើចំនួន១៤លាននាក់នៅឆ្នាំ២០២៤ ហើយឥណ្ឌូណេស៊ីសង្ឃឹមថា ចំនួននេះនឹងមានចំណែកជួយលើកកម្ពស់ដល់តម្លៃសេដ្ឋកិច្ចជាតិ ។ ទោះយ៉ាងណា គេពុំដឹងថា តើប្រទេសឥណ្ឌូណេស៊ីនឹងលើកលែងទិដ្ឋាការដល់ប្រទេសណាខ្លះទេ ក្រៅពីចិន ។

ចុងក្រោយ លោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចឥណ្ឌូណេស៊ីបញ្ជាក់ថា ៖ «យើងសង្ឃឹមថា នឹងអាចបង្កើនចំនួនការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសស្របតាមគោលដៅកំណត់របស់យើង ។ យើងផ្តោតខ្លាំងទៅលើការកំណត់គោលដៅភ្ញៀវទេសចរបរទេសដែលចំណាយប្រាក់ច្រើន ព្រមទាំងកែលម្អសេដ្ឋកិច្ចនៅក្នុងស្រុកផងដែរ» ៕ Indonesia Hopes to Attract More International Visitors - NOW! Jakartaប្រភព ៖ Mono News