បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀតនៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ខាងមុខនេះ។
យោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍នៅថ្ងៃទី៨ ខែធ្នូថា លោកពូទីន បាននិយាយនៅក្នុងពិធីមួយនៅឯវិមានក្រឹមឡាំងដែលជាលំនៅដ្ឋានផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ីថា លោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំក្រោយ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២៤ ក្នុងគោលបំណងពង្រឹងការបន្តកាន់អំណាចរបស់គាត់ជាប្រមុខរដ្ឋ ឬជានាយករដ្ឋមន្ត្រីអស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក។
បច្ចុប្បន្នលោកពូទីនមានអាយុ ៧១ ឆ្នាំហើយ ដូច្នេះប្រសិនបើគាត់ឈ្នះការបោះឆ្នោតនៅឆ្នាំក្រោយ លោកពូទីននឹងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីរហូតដល់ឆ្នាំ ២០៣០។ យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួននឹងរៀបចំ “ការបោះឆ្នោតពីតំបន់មួយទៅតំបន់មួយ” ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នានៅថ្ងៃទី ១៥, ១៦ និង ១៧ ខែមីនា ឆ្នាំ២០២៤។ ការបោះឆ្នោតនាពេលខាងមុខនេះក៏នឹងកត់សម្គាល់ជាលើកដំបូងផងដែរដែលប្រជាជននៃតំបន់អ៊ុយក្រែនដែលរុស្ស៉ីបានកាន់កាប់ដូចជា Donetsk, Luhansk, Zaporizhzhia និង Kherson ក៏ត្រូវចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីផងដែរ។
គួរបញ្ជាក់ដែរថាលោក វ្ល៉ាឌីមៀ ពូទីន បានក្លាយជាប្រធានាធិបតីនៃប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០០០ ដោយកាន់តំណែងនេះអស់រយៈពេល ៨ ឆ្នាំហើយបន្ទាប់មកបានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសរុស្ស៊ីសម្រាប់អាណត្តិ ២០០៨-២០១២ ។ នៅឆ្នាំ ២០១២ និង ២០១៨ លោកពូទីនបានឈ្នះការបោះឆ្នោត ហើយក៏បានកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីរហូតមកដល់សព្វថ្ងៃនេះ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នយោងតាមលទ្ធផលស្ទង់មតិបង្ហាញថាលោកពូទីនទទួលបានការគាំទ្រពីប្រជាជនរុស្ស៊ីប្រមាណ៨០%៕










