ទន្ទឹមនឹងលោក រស់ រាជ្ជសាល បានចូលទៅនៅក្នុងផ្ទះរបស់លោកស្រី ទ្រី ដាណា ដើម្បីត្រៀមក្នុងថ្ងៃមង្គលស្រាប់តែមានឧកញ៉ាម្នាក់បានបោះសម្តីថាចូលទៅនៅផ្ទះគេមាន២វាលី ទេគេsaveរូបទុកហើយពេលចេញវិញតវ៉ាមិនបានទេ។ ពាក្យសម្តីនេះបានធ្វើឱ្យជំទាវ ចន ច័ន្ទលក្ខណា នៅមិនសុខលូកមាត់ជំនួសសាមីខ្លួនថា កុំគិតជួសអ្នកដទៃត្រូវគិតពីខ្លួនឯងធ្វើយ៉ាងម៉េចឱ្យគ្រួសារប្តីប្រពន្ធនិងកូនខ្លួនឯងរស់ឱ្យមានក្តីសុខទៅ។
ថ្ងៃទី៣០ វិច្ឆិកា មានគណនីហ្វេកប៊ុកមួយឈ្មោះថា ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបង្ហោះថា «ចូលទៅនៅផ្ទះគេមាន២វាលី ទេ!គេ saved រូបទុកហើយ ពេលចេញវិញតវ៉ាមិនបានទេ
(សូមជូនពរអោយមានសុភមង្គល)»។ ពាក្យសម្តីនេះត្រូវបានគេដឹងថាឧកញ៉ារូបនេះសម្តៅទៅអនាគតស្វាមីលោកស្រី ទ្រី ដាណា គឺលោក រស់ រាជ្ជសាល ដែលបានរើចូលផ្ទះគូដណ្តឹងខ្លួនកាលពីថ្ងៃទី២៩ ដើម្បីត្រៀមថ្ងៃមង្គលដែលនឹងប្រពឹត្តទៅឆាប់ៗនេះ។
យ៉ាងណាមិញ ពាក្យសម្តីខាងលើនេះបានធ្វើឱ្យជំទាវ ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករកម្ពុជា បានបោះសម្តីទៅវិញជំនួសសាមីខ្លួនថា «មនុស្សស្រលាញ់គ្នាដល់ថ្នាក់សម្រេចចិត្តចូលរស់នៅជាមួយគ្នាគឺមិនគិតផលអវិជ្ជមាននាថ្ងៃអនាគតទេ បើគ្រាន់តែឈានជើងចូលហើយចាប់ផ្តើមគិតដល់ថ្ងៃឈានជើងចេញនោះគេមិនហៅថា ការសម្រេចចិត្តជ្រើសយកការសាងសុភមង្គលក្នុងជីវិតគូទេ បើច្បាប់ស្រូបទាញ គឺ ការគិតអវិជ្ជមានគឺនិងទាញផលអវិជ្ជមាន (សម្រាប់តែសាមីខ្លួនផ្ទាល់) ខ្ញុំមិនធ្លាប់រៀនច្បាប់ស្រូបទាញទេ តែជាបទពិសោធន៍ខ្លួនខ្ញុំផ្ទាល់ បូករួមការឆ្លងកាត់ការសិក្សាពេលកំពុងជួបបញ្ហាធំៗ បើយើងដាក់ចិត្តអស់សង្ឃឹម ពិបាកចិត្ត ផ្តោតតែលើបញ្ហាគិតថាគ្មានវិធីដោះស្រាយនោះបញ្ហានិងដោះស្រាយមិនចេញ ព្រោះយើងមិនបានផ្តោតលើការរកវិធីដោះ គិតតែផ្តោតលើការអស់សង្ឃឹម»។
ជំទាវរូបនេះបន្តទៀតថា «បញ្ហាផ្សេងៗកាន់តែចូលមកធ្វើឱ្យយើងកាន់តែពិបាកចិត្តលើសដើម តែបើយើងដាក់ចិត្ត ជួបបញ្ហាមួយ យើងដោះមួយ ជួបពីរ យើងដោះពីរ ហើយគិតថាគ្មានបញ្ហាណាធំ ហើយ និងទ័លច្រកដោះមិនបានជាងសេចក្តីស្លាប់នោះទេ នោះអារម្មណ៍ផ្លូវចិត្តនិងធូរស្រាល ហើយខួរក្បាលក៏ទូលាយស្រស់ថ្លាគិតរកច្រកចេញដោយសំរួល ការមើលមនុស្សក៏ដូចគ្នា បើគិតគេក្នុងផ្លូវមិនល្អ នោះ យើងនិងឃើញចំណុចមិនល្អរបស់គេ»។
អតីតតារាសម្តែងដ៏ល្បីឈ្មោះរូបនេះសង្កត់ធ្ងន់ទៀតថា «កុំគិតជួសអ្នកដទៃ ត្រូវគិតពីខ្លួនឯង ធ្វើយ៉ាងម៉េចឱ្យគ្រួសារប្តីប្រពន្ធនិងកូនខ្លួនឯងរស់ឱ្យមានក្តីសុខ ចិត្តគំនិត ទង្វើ និង សកម្មភាពត្រូវមានស្របគ្នា»។
គួរបញ្ជាក់ផងដែរថា លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល បានភ្ជាប់ពាក្យជាមួយគ្នានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលពេញប្រទេស ខណៈអ្នកទាំងពីរសម្រេចចិត្តដឹកដៃគ្នារៀបចំពិធីមង្គលការនៅថ្ងៃទី៣ ខែធ្នូ នេះ៕










