មហិច្ឆតានិងការស្រមៃចង់ឱ្យគ្រាប់ស្វាយចន្ទីកម្ពុជា ល្បីល្បាញលេចធ្លោរ និងទទួលស្គាល់ជាអន្តរជាតិ ជាពិសេសក្លាយជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតនៅក្នុងពិភពលោកដែលជាក្តីសុបិន្តរបស់កម្ពុជានាពេលខាងមុខនេះ។ នេះបើយោងតាមការបកស្រាយ និងវត្ថុបំណងរបស់ក្រសួងកសិកម្ម សមាគមដាំដំណាំស្វាយចន្ទី អ្នកជំនាញមកពីគំរោង GIZ របស់អាល្លឺម៉ង់ និងតំណាងសហគមអឺរ៉ុបបានលើកឡើងស្រដៀងៗគ្នាថា អនាគតកម្ពុជានឹងឈានមុខគេ ហើយក្លាយជាជើងឯកដែលអាចផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនៅលើទីផ្សារអន្តរជាតិទូទាំងពិភពលោក។
ភាគីតំណាងក្រសួងកសិកម្ម លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា កត្តាសក្តានុពលគឺកម្ពុជាមានដីដែលសមស្របដាំដុះចន្ទី មានរហូតដល់ 2.8 លានហិចតានៅទូទាំងប្រទេស ហើយបច្ចុប្បន្ន ផ្ទៃដីដាំដុះស្វាយចន្ទីមានស្រាប់មានចំនួន ៧០ម៉ឺនហិចតាប៉ុណ្ណោះដែលមានជាង១១ម៉ឺនហិកតានៅក្នុងខេត្តកំពង់ធំ។ ជាលទ្ធផលស្វាយចន្ទីបានផ្តល់ទិន្នផលគ្រាប់ស្វាយចន្ទីស្រស់ មានរហូតដល់ជាង១លានតោន ហើយទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា៩០% គឺជាប្រទេសវៀតណាម ដែលទទួលទិញគ្រាប់ស្វាយចន្ទីស្រស់នៅសើមយកទៅសំងួត លក់បន្តទៅទីផ្សាអន្តរជាតិ ចំពោះកម្ពុជាបច្ចុប្បន្នលទ្ធភាពសំងួតមានត្រឹមតែ៥%តែប៉ុណ្ណោះ។ ជាការឆ្លើយតប រាជរដ្ឋាភិបាលនិងក្រសួងកសិកម្មបានផ្តល់មូលធន១០០លានដុល្លារដើម្បីពង្រីកលទ្ធភាពកែច្នៃ សំងួត នៅតាមមូលដ្ឋាន កែច្នៃ មុននិងលក់គ្រាប់ឆៅ ក្នុងគោលបំណងរកប្រភពចំណូលជូនសេដ្ឋកិច្ចកម្ពុជា កាត់បន្ថយបន្តិចម្តងៗពីការលក់គ្រាប់សើមទៅទីផ្សារ។
យុទ្ធសាស្ត្រពង្រាយមន្ត្រីកសិកម្មចុះដល់ឃុំស្រុក ជួយសម្របសម្រួលដល់ការដាំដុះ និងរៀបចំចងក្រងជាសមាគមដាំដុះ ជួយបង្រៀនកសិករយល់ដឹងពីការធ្វើកសិកម្មបែបទំនើប។ អ្វីដែលកាន់តែពិសេស ក្រសួងកសិកម្មនិងអគ្គីសនីកម្ពុជាបានសហការបញ្ចុះថ្លៃអគ្គីសនី៥០% រាល់ការសំងួតនៅពេលយប់ ដើម្បីជួយកាត់បន្ថយការចំណាយលើថ្លៃអគ្គីសនី និងបង្កើនផលចំណេញជូនសិប្បកម្មកែច្នៃស្វាយចន្ទី ទាំងអស់ផងដែរ។
តំណាងសមាគម លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទី ក៏មានក្តីសុបិន្តមិនខុសពីក្រសួងកសិកម្ម និងរាជរដ្ឋាភិបាលផងដែរ គឺចង់ឃើញ គ្រាប់ស្វាយចន្ទីកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដ៏ធំំបំផុតនៅលើពិភពលោក នេះបើតាមការរៀបរាប់ពីតំណាងប្រធានសមាគមស្វាយចន្ទីកម្ពុជា។
លោកប្រធានសមាគមបានលើកឡើងថា បើទោះជាយើងប្រឈមនិងបញ្ហារបំរែបំរួលអាកាសធាតុកន្លងមកក្តី និងដើមស្វាយចន្ទីមួយចំនួនខូចខាត តែជាលទ្ធផល ការដាំដុះជាថ្មី ពូជចន្ទី អឹម ២៣ របស់កម្ពុជា មានការកើនឡើងជាគំហុក ដោយការដាំដុះពូជ អឹម ២៣ របស់កម្ពុជាបានផ្តល់នូវទិន្នផលខ្ពស់ គ្រាប់ធំៗ គុណភាពឆ្ងាញ់ជាងគ្រាប់ស្វាយចន្ទីដែលដាក់លក់នៅលើទីផ្សារអន្តរជាតិ។
លោកបានបញ្ជាក់ផងដែរថា បច្ចុប្បន្នយើងមានសមាជិកសមាគមចន្ទីសរុប៤២ទីតាំងប្រមូលផ្តុំនិងចែកចាយបន្ត ហើយជាមួយនិងការជួយមូលធុនពីរដ្ឋាភិបាល លទ្ធភាពនៃការទិញគ្រាប់ស្វាយចន្ទីពីកសិករ កែច្នៃចន្ទី មានការកើនឡើងស្របតាមគោលដៅដែលគ្រប់គ្នាចង់បាន ព្រោះការលក់ស្វាយចន្ទីដែលស្ងួតទទួលបានថ្លៃខ្ពស់ជាងលក់ទាំងគ្រាប់សើម។ សមាគមក៏មានរៀបចំ កិច្ចសន្យាទិញលក់រវាងអ្នកដាំដុះ និងអ្នកកែច្នៃ និងជួយធានាលទ្ធភាព នៃការដាំដុះបានច្រើនជាងមុន ប្រសិទ្ធិភាពខ្ពស់។
ក្រឡេកមកមើលតំណាងសហគមអឺរ៉ុបវិញ លោក BRYAN FORANARI ប្រធានផ្នែកកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប(EU) បានលើកឡើងថាគ្រាប់ចន្ទីកម្ពុជា នឹងឈានមុខគេនៅទីផ្សាអឺរ៉ុប ដោយបច្ចុប្បន្នកម្ពុជាទទួលបានសិទ្ធិចែកចាយនៅទីផ្សារលក់ផលិតផលកសិកម្មនៅអឺរ៉ុប ដោយមិនបង់ពន្ធ និងមិនមានកំណត់កូតានាំចេញឡើយ។តែអ្វីដែលបញ្ហាប្រឈមនោះគឺ ផលិតផលកម្ពុជាត្រូវតែអនុលោមទៅតាមបទដ្ឋានស្តង់ដាគុណភាពអនាម័យ បរិមាណផលិត ឱ្យស្របទៅតាមការចង់បាននិងលក្ខខណ្ឌនានានៅទីផ្សារអឺរ៉ុប ហើយកន្លងមកកម្ពុជាបានធ្វើដោយជោគជ័យ និងកំពុងតែបន្តធ្វើ។ ដោយឡែកបញ្ហាប្រឈមមួយចំនួនត្រូវបានចូលរួមគ្នាជួយដោះស្រាយ ដោយមានកិច្ចការសហការបច្ចេកទេសពីគំរោង GIZ របស់អាល្លឺម៉ង់ និងក្រសួងកសិកម្ម សមាគមដាំស្វាយចន្ទី សិប្បកម្មកែច្នៃស្វាយចន្ទី ហើយជាលទ្ធផលកម្ពុជាមានលទ្ធភាពកែច្នៃក្នុងស្រុកជាបណ្តើរៗ និងអាចនាំចេញទៅលក់លើទីផ្សារអន្តរជាតិ ក្រៅពីវៀតណាម ដោយនាំចេញគ្រាប់ស្វាយចន្ទីស្ងួត កែច្នៃរួចទៅកាន់ប្រទេសចិន ជប៉ុន ឡាវ និងអារ៉ាប់រួមផងដែរ។
ដោយការជឿជាក់យ៉ាងមុតមាំ កម្ពុជាពិតអាចធ្វើបាន បើទោះបីជាសុបិន្តនោះហាក់ដូចជាធំធេងក៏ពិតមែន ហើយដើម្បីសម្រេចក្តីសុបិន្តរួម កម្ពុជាក្លាយជាស្តេចគ្រាប់ស្វាយចន្ទី រឺជាជើងឯកផ្គត់ផ្គង់ស្វាយចន្ទី នៅលើឆាកអន្តរជាតិបាន អាស្រ័យដោយមានការសហការពីគ្រប់ភាគីទាំងអស់ រួមគ្នាសម្រេចការដាំដុះអោយបានច្រើន កែច្នៃផលិតនាំចេញ ដោយផ្តើមពីការបង្កើនលទ្ធភាពដាំដុះច្រើនជាងមុន។ លទ្ធភាពកែច្នៃសំងួតតាមបច្ចេកទេសផ្តល់ជូនបានច្រើនជាងមុន រឺឯបញ្ហាទីផ្សាគឺមិនមានបញ្ហាឡើយ ពោលគឺរង់ចាំតែផលិតផលរបស់កម្ពុជាផលិតបានតែប៉ុណ្ណោះ។
ឆ្លើយតបជាមួយថា តើកម្ពុជាអាចសម្រេចមហិច្ឆតា ក្លាយជាអ្នកនាំចេញដ៏ធំជាងគេលើពិភពបានដែររឺទេ? លោកតំណាង គំរោងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ បានរំលឹកផងដែរថា កន្លងមកប្រទេសវៀតណាមទទួលបានចំណាត់ថ្នាក់លេខ១ជាអ្នកចែកចាយគ្រាប់ស្វាយចន្ទីដ៏ធំបំផុតនៅលើទីផ្សាស្វាយចន្ទី ហើយគ្រប់គ្នាបានដឹងរួចហើយថាគ្រាប់ស្វាយចន្ទីដែលវៀតណាមនាំចេញ គឺ៩០ភាគរយ ស្មើនិងជិត១លានតោន បានទិញគ្រាប់ស្វាយចន្ទីសើមស្រស់ ពីកម្ពុជា រួចកែច្នៃនាំចេញលក់ទៅក្រៅប្រទេស ក្រោមស្លាកផលិតផលប្រទេសវៀតណាម។
លោកតំណាង GIZ អាល្លឺម៉ង់ មានជំនឿយ៉ាងមុតមាំថាកម្ពុជាពិតជាអាចធ្វើទៅបាន គ្រាន់តែមានបញ្ហាប្រឈមសម្រាប់កម្ពុជាបន្តិច តែមិនមានអ្វីដែលកម្ពុជាមិនអាចធ្វើទៅបានទេ។ កន្លងមកកម្ពុជាជាប្រទេសដែលដាំដុះប្រមូលផលបានរហូតជាង១លានតោនបរិមាណច្រើនជាងគេ នៅក្នុងតំបន់អាស៊ី អាគ្នេយ៍ រួចស្រេចទៅហើយ ហើយការកែច្នៃក៏បានចាប់ផ្តើមដំណើរការហើយ។
សរុបកត្តាអំណោយផល មហិច្ឆតាសម្រេចក្តីសុបិន្តកម្ពុជានិងក្លាយជាជើងឯកជំនួសប្រទេសវៀតណាម កាន់តែខិតជិតបន្តិចម្តងៗ ខណៈបច្ចុប្បន្នប្រទេសវៀតណាម កាត់បន្ថយការដាំដុះស្វាយចន្ទីក្នុងស្រុក ហើយបើកម្ពុជាមានលទ្ធភាពពង្រីកការកែច្នៃក្នុងស្រុកកើនឡើងជាលំដាប់ ការច្នៃដោយសំងួតស្វាយចន្ទីយកលក់នៅទីផ្សាអន្តរជាតិ ប្រាកដណាស់នឹងកើតមានឡើងនាពេលអនាគតដ៏ខ្លីខាងមុខ ក្រុមហ៊ុនវិនិយោគទុនបរទេស នឹងតំឡើងរោងចក្រកែច្នៃលើទឹកដីកម្ពុជាជាក់ជាមិនខាន។ កម្ពុជាមានផ្ទៃដីសមស្របដាំដុះដំណាំចន្ទីមានរហូតដល់ជាង 2,8លានហិចតា ដែលបច្ចុប្បន្នកម្ពុជាបានប្រមូលផលមានជាងមួយលានតោនរួចជាស្រេចទៅហើយ៕