ពិតជាមានមោទនភាពណាស់សម្រាប់តារាសម្តែងជួរមុខប្រចាំប្រទេសកញ្ញា ស៊ីន យូប៊ីន ដែលនឹងមានវត្តមានក្នុងកម្មវិធី Redsea Film Festival នៅប្រទេសអារ៉ាប៊ីសាអូឌីតឆាប់ៗខាងមុខ។កម្មវិធីនេះជាមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោកប្រមូលផ្តុំដោយមតារាហូលីវូដ និងតារាអាស៊ីច្រើនរូបចូលរួម ខណៈ ស៊ីន យូប៊ីន ជាតារាខ្មែរដំបូងគេដែលនឹងចូលរួមមហោស្រពនេះ។
នៅថ្ងៃទី១ ធ្នូ តាមរយៈគណនីហ្វេកប៊ុកមួយឈ្មោះថា Touch Bopha-Thyda PNN បានបង្ហោះថាតារាសម្តែង ស៊ីន យូប៊ីន ជាតារាខ្មែរដំបូងគេដែលត្រូវបានអញ្ជើញឱ្យចូលរួមមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោក។
តាមការបញ្ជាក់ពីប្រភពនេះបានឱ្យដឹងថានៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ តារាសម្តែងភីអិនអិន កញ្ញា ស៊ីន យូប៊ីន នឹងធ្វើដំណើរទៅចូលរួមកម្មវិធី Redsea Film Festival នៅប្រទេស អារ៉ាប៊ីសាអូឌីត ដែលកម្មវិធីមហោស្រពភាពយន្តធំជាងគេនៅលើពិភពលោក ដែលរួមមានតារាហូលីវូដ និងតារាអាស៊ីជាច្រើនចូលរួមក្នុងនោះក៏មាន Johnny depp, Sofia Vergara, Mai davikah, និង Leonardo ផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍នៅ អាចនិយាយបានថាកញ្ញាស៊ីន យូប៊ីន គឺជាតារាស្រីកម្ពុជាដំបូងគេដែលត្រូវបានអញ្ជើញចូលរួមកម្មវិធីដ៏ធំនេះ។
តារាសម្តែងក្រសោបពានទាំងក្នុងនិងក្រៅប្រទេសរូបនេះ តែងតែធ្វើឱ្យអ្នកគាំទ្រមានមោទនភាពចំពោះរូបនាងដែលមានឱកាសដើរលើកម្រាលព្រំក្រៅប្រទេសញឹកញាប់នាំឈ្មោះប្រទេសកម្ពុជាចូលរួមកម្មវិធីធំៗ។ ជាពិសេស ស៊ីន យូប៊ីន តែងតែរំលេចអ្វីដែលជាអត្តសញ្ញាណខ្មែរលើឆាកអន្តរជាតិតាមដែលអាចធ្វើបាន។
គួរបញ្ជាក់ថា កាលពីខែឧសភា កន្លងទៅ ស៊ីន យូប៊ីនជាតារាស្រីតែម្នាក់គត់ដែលមានឱកាសដើរលើកម្រាលព្រំក្រហមនៅមហោស្រពភាពយន្តលើកទី៧៦ នៅប្រទេសបារាំងដោយនាំយកអត្តសញ្ញាណខ្មែរទៅបង្ហាញនាថ្ងៃទី២ ផងដែរ៕