វៀតណាម៖ អ្នកទេសចរជាច្រើនមានការមិនពេញចិត្តនឹងអនាម័យបរិស្ថាននៅឈូងសមុទ្រ Ha Long របស់ប្រទេសវៀតណាម ដោយនិយាយថាកន្លែងនេះមានមនុស្សច្រើនពេក ដែលធ្វើឱ្យមានសំរាមកកកុញនៅលើទឹក។
យោងតាមប្រភពព័ត៌មាន Vnexpress ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកាថា ឈូងសមុទ្រ Ha Long គឺមានទេសភាពដ៏គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺថង់នីឡុង និងដបប្លាស្ទិករាប់មិនអស់អណ្តែតជុំវិញទឹក។ អ្នកទេសចរជាច្រើនបាននិយាយថា ទេសភាព និងប្រជាជនវៀតណាមទាំងអស់គឺអស្ចារ្យណាស់ ប៉ុន្តែការយល់ដឹងរបស់ពួកគេអំពីការការពារបរិស្ថានគឺអន់ណាស់។ អ្នកទេសចរក៏បាននិយាយទៀតថា ពួកគេពិតជាសោកស្ដាយណាស់ នៅពេលដែលពួកគេឃើញទិដ្ឋភាពនៃសំរាមនៅឈូងសមុទ្រ Ha Long របស់ប្រទេសវៀតណាមប្រែទៅជាបែបនេះ។
លោក Hoang Phuc ម្ចាស់កប៉ាល់នៅឈូងសមុទ្រ Ha Long បាននិយាយថា សំរាមទាំងអស់នេះភាគច្រើនគឺចេញពីមាត់ទន្លេ Cua Van និង Bai Tu Long ត្រូវបានរុញចូលទៅក្នុងឈូងសមុទ្រ។ វត្ថុអណ្តែតចេញពីមហាសមុទ្រប៉ាស៊ីហ្វិកក៏រសាត់ចូលតំបន់ស្នូលនៃឈូងសមុទ្រ Ha Long ដូច្នេះការដកសំរាមមិនអាចធានាបាន ១០០% នោះទេ។ លើសពីនេះ សំរាមពីតំបន់លំនៅដ្ឋានដែលត្រូវបោះចោលក្នុងសមុទ្រ ឬត្រូវខ្យល់បោកបក់ក៏ជាផ្នែកមួយនៃមូលហេតុដែរ។
លោក Hoang Phuc បានបន្តទៀតថា យើងតែងតែសម្អាតសំរាម ក៏ដូចជាកៀរគរបុគ្គលិកទៅប្រមូលសំរាមនៅកន្លែងទស្សនាកម្សាន្ត និងកន្លែងហែលទឹករបស់អ្នកទេសចរ ប៉ុន្តែវានៅតែមាន។ ម្ចាស់កប៉ាល់រូបនេះបានបន្ថែមថា យើងគួរតែច្នៃប្រឌិតបច្ចេកវិទ្យាប្រមូលសំរាម ជំនួសឱ្យវិធីសាស្ត្រដោយដៃបច្ចុប្បន្ន។
ហេតុនេះហើយ យោងតាមមន្ត្រីនៃគណៈគ្រប់គ្រងឈូងសមុទ្រ Ha Long បានឱ្យដឹងថា ការប្រមូលសំរាមនៅឈូងសមុទ្រ Ha Long បច្ចុប្បន្នត្រូវបានរៀបចំជាពីរតំបន់ រួមមានតំបន់ឆ្នេរដែលគ្រប់គ្រងដោយទីក្រុង Ha Long និងតំបន់ខាងក្រៅ។ ដូច្នេះបញ្ហាសំរាមកកកុញនៅឈូងសមុទ្រ Ha Long ត្រូវបានកាត់បន្ថយខ្លះហើយ ដោយសំរាមនៅក្នុងឆ្នេរសមុទ្រហាឡុងបច្ចុប្បន្ន “មិនស្ថិតក្នុងកម្រិតនៃការផ្ទុកសំរាមលើសទម្ងន់ដូចមុនទេ”។
គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី ២០ ខែវិច្ឆិកា ចំនួនភ្ញៀវទៅទស្សនាឈូងសមុទ្រ Ha Long ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២.៣ លាននាក់ ដោយពេញមួយឆ្នាំត្រូវបានគេប៉ាន់ប្រមាណថានឹងឈានដល់ ២.៥ លានដង បើប្រៀបនឹងឆ្នាំ ២០១៥ (ប្រមាណ ២.៦ លានទស្សនា) និងឆ្ងាយជាងឆ្នាំ ២០១៩ (ជិត ៤.៥ លានអ្នកទស្សនា) ៕










