ប្រទេសថៃ ៖ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ អាកាសធាតុត្រជាក់បានគ្របដណ្តប់នៅតំបន់មួយចំនួនរបស់ប្រទេសថៃ ហើយធ្វើឱ្យចម្ការផ្កាស្បៃរឿងនៅស្រុកខនបុរី ខេត្តនគររាជសីម៉ា បានដុះលូតលាស់ល្អ និងចេញផ្កាយ៉ាងច្រើនពេញចម្ការ ។ ប៉ុន្តែកសិករនៅស្រុកខនបុរី និយាយថា ត្រូវប្រយ័ត្នកុំឱ្យមានទឹកដក់បំផ្លាញផ្កាស្បៃរឿង ហើយកសិករគួរតែពិនិត្យមើលដំណាំរបស់ខ្លួនឱ្យបានទៀងទាត់ ។ កសិកររំពឹងថា តម្លៃផ្កាស្បៃរឿងនឹងកើនឡើងនៅពេលប្រទេសថៃប្រារព្ធពិធីបុណ្យបណ្តែតប្រទីប ។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា អាកាសធាតុត្រជាក់ក្នុងអំឡុងខែវិច្ឆិកា បានធ្វើឱ្យដំណាំស្បៃរឿងរបស់កសិករនៅស្រុកខនបុរី ខេត្តនគររាជសីម៉ា ផ្តល់ទិន្នផលច្រើនជាងមុនជិតទ្វេដង ។ អាកាសធាតុត្រជាក់បានអំណោយផលដល់ការចេញផ្កា ហើយផ្កាស្បៃរឿងថែមទាំងមានពណ៌ស្រស់ស្អាតទាក់ទាញអ្នកធ្វើដំណើរទៅមកឱ្យចូលកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៍ ។ ប៉ុន្តែជារៀងរាល់ព្រឹក ដោយសារមេឃចុះអ័ព្ទ និងមានទឹកដក់ជាប្រចាំនោះ បានធ្វើឱ្យផ្កាស្បៃរឿងរងផលប៉ះពាល់ និងខូចខាតអស់មួយចំនួន ។.jpg)
លោក ឧទ័យ នូវ៉ុន ជាកសិករដាំផ្កាស្បៃរឿងនៅស្រុកខនបុរី ខេត្តនគររាជសីម៉ា និយាយថា ក្នុងអំឡុងពេលនេះ អាកាសធាតុត្រជាក់បានធ្វើឱ្យដើមស្បៃរឿងចេញផ្កាយ៉ាងច្រើន ថែមទាំងមានពណ៌ស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរទៀតផង ។ ប៉ុន្តែដោយសារដើមស្បៃរឿងចេញផ្កាច្រើនពេក បានធ្វើតម្លៃលក់ចេញមិនសូវល្អប៉ុន្មានទេ ព្រោះនៅពេលផ្កាស្បៃរឿងរីកច្រើន តម្លៃនឹងធ្លាក់ចុះនៅលើទីផ្សារ ។ ទោះយ៉ាងណា កសិករក៏ទទួលបានប្រាក់ចំណូលខ្លះដែរនៅពេលនេះ ហើយលោកសង្ឃឹមថា តម្លៃផ្កាស្បៃរឿងនឹងកើនឡើងជាបន្តបន្ទាប់ ដោយសារប្រទេសថៃនឹងរៀបចំពិធីបុណ្យផ្សេងៗ ដូចជា ពិធីបុណ្យបណ្តែតប្រទីប ។
លោក ឧទ័យ នូវ៉ុន បន្តទៀតថា ទោះយ៉ាងណា បច្ចុប្បន្ននេះ មានបញ្ហាទឹកដក់នៅពេលព្រឹកបណ្តាលមកពីអាកាសធាតុត្រជាក់ វាអាចធ្វើឱ្យផ្កាស្បៃរឿងមានជំងឺផ្សិត ។ ដូច្នេះ លោកចង់ផ្តាំផ្ញើទៅកសិករទាំងអស់ ត្រូវពិនិត្យមើលដំណាំរបស់ខ្លួនឱ្យបានទៀងទាត់ដើម្បីទទួលបានផលល្អ និងលក់នៅលើទីផ្សារ ដែលនឹងមានតម្រូវការកើនឡើងនាពេលខាងមុខ ៕










