នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រកាសអនុវត្តជាផ្លូវការ។
យុវជន និងអាណាព្យាបាលនៃ គ្រួសារ ក្រីក្រនិងងាយរងហានិភ័យ និងអាជ្ញាធរមូលដ្ឋានបានសម្តែង នូវការពេញចិត្តជាខ្លាំងដោយពួកគាត់ជឿជាក់ថា ក្រោយការរៀនចប់វគ្គ បណ្តុះបណ្តាលដោយមិនគិតថ្លៃនេះហើយ យុវជនគ្រួសារក្រីក្រនឹងមាន ជំនាញពិតប្រាកដមួយ និងអាចរកចំណូលសមរម្យសម្រាប់ ផ្គត់ផ្គង់ គ្រួសារ ទៀតផង។
ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន ១,៥លាននាក់ គឺជាកម្មវិធីផ្តល់ឱ្យសិក្ខាកាមគោលដៅទាំងអស់ ឆាប់មានជំនាញបច្ចេកទេសមូលដ្ឋានមួយជាក់លាក់ដើម្បីឆាប់ទទួលបានការងារធ្វើដោយសមរម្យក្រោយការបណ្តុះបណ្តាលដែលនឹងធ្វើឡើងរយៈពេល៤ខែដោយទទួលបានប្រាក់ឧបត្ថម្ភទឹកប្រាក់ចំនួន២៨ម៉ឺនរៀលក្នុងមួយខែទៀតផង។
នៅក្នុងនោះយុវជនអាចមានជម្រើសរៀនមុខវិជ្ជាជំនាញ១០មុខ ដោយឥតគិតថ្លៃរួមមាន៖
• សំណង់
• អគ្គិសនី និងថាមពល
• អេឡិចត្រូនិច
• បរិក្ខារត្រជាក់ និងក្តៅ
• កម្មន្តសាល
• មេកានិកទូទៅ
• ទេសចរណ៍
• សេវាកម្ម
• កសិកម្ម និងកសិ-ឧស្សាហកម្ម
• ធុរកិច្ច និងព័ត៌មានវិទ្យា










