មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមក្រោមពី សេង សុខឃីម បានបង្ហោះវីដេអូជាមួយនឹងនាយ ចឺម ដែលជាអតីតគូស្នេហ៍ធ្វើឱ្យមានការងឿងឆ្ងល់ថា អ្នកទាំងពីរវិលមកទាក់ទងគ្នាវិញឬយ៉ាងណា។ ស្របពេលមហាជនមានមន្ទិលសង្ស័យស្រាប់តែតារាកំប្លែង ស្រី អ៊ិត ចេញមកអះអាងថានោះគ្រាន់តែជារូបភាពចាស់ៗដែលយកមកបង្ហោះថ្មីប៉ុណ្ណោះ ហើយទង្វើនេះអ្នកនាងមិនពេញចិត្តនោះទេ។
នៅលើបណ្តាញសង្គមរបស់អ្នកនាង អ៊ិត ដែលត្រូវជាម្តាយមីងរបស់តារាចម្រៀង នាយ ចឺម នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ថា «ថ្ងៃនេះខ្ញុំសុំនិយាយបន្ដតិច ហើយក៏សុំទោសទុកមុន ខ្ញុំឆ្ងល់រឿងអ្នកបង្ហោះរូបភាពទាំងនេះ ហេតុអីចូលចិត្តយករូបភាព ឬ វីដេអូអតីតកាល យកមកផុសធ្វើឱ្យបងប្អូនយល់ច្រឡំ ចឹងបងប្អូនមួយចំនួនគាត់មិនដឹង ច្បាស់ជាគាត់មកដៀលជេរក្មួយខ្ញុំទៀត និយាយរួមទៅខ្ញុំមិនចូលចិត្តចឹងទេ សូមអរគុណ ( សូមបញ្ជាក់រូបចាស់ តែអ្នកផុសថ្មីៗៗ )។ ការស្រាយមន្ទិលរបស់តារាកំប្លែងខាងលើរូបនេះ នាយ ចឺម ក៏បានចែករំលែកខ្លឹមសារនេះនៅលើបណ្តាញសង្គមរបស់ខ្លួនដែរ។
តាមរយៈរូបភាព វីដេអូការសិទ្ធស្នាលរបស់នាយ ចឺម និងអតីតគូស្នេហ៍ សេង សុខឃីម នេះកើតឡើងម្តងទៀតនេះគឺមានគណនី Seng Sokhim ជាអ្នកបង្ហោះផ្ទាល់តែម្តង។
គួរបញ្ជាក់ថា សេង សុខឃីម បានប្រកាសបែកស្នេហ៍ជាមួយ នាយ ចឺម កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២បន្ទាប់ពីទាក់ទងគ្នាបានប្រមាណជាង១ឆ្នាំ។ ការបែកគ្នារបស់អ្នកទាំងពីរ សេង សុខឃីម ធ្លាប់បានអះអាងថាមានអ្នកទី៣ជ្រែតជ្រែកក្តីស្នេហ៍ពួកគេ បន្តមកអ្នកមេម៉ាយរូបនេះបានប្រកាសយ៉ាងច្បាស់ៗថាមិនវិលទៅរកនាយចឺម ជាគូស្នេហ៍ចាស់វិញឡើយ។ ចាប់តាំងពីប្រកាសបែកគ្នាមក នាយ ចឺម ពុំទាន់ទម្លាយថាខ្លួនមានម្ចាស់បេះដូងថ្មីនៅឡើយទេ ខណៈ សេង សុខឃីម កៀកកើយជាមួយបុរសម្នាក់ដែលទំនងជាគូស្នេហ៍ថ្មីរបស់នាង។
ទោះយ៉ាងណា ចាប់តាំងពីបែកគ្នាជាមួយ សេង សុខឃីម មកសន្ទុះប្រជាប្រិយភាពនាយចឺម ហាក់ធ្លាក់ចុះមិនដូចពេលពួកគេទាក់ទងគ្នាព្រោះការបែកគ្នាជាមួយស្រីស្អាតជាគូស្នេហ៍ទី៤ នេះ នាយ ចឺម រងមតិរិះគន់យ៉ាងខ្លាំងរហូតលោកចេញមុខ Live តបទៅអ្នករិះគន់វិញយ៉ាងចាស់ដៃ៕










