ប្រទេសឥណ្ឌូណេស៊ី ៖ បាតុភូតអេលនីណូធ្ងន់ធ្ងរនៅប្រទេសឥណ្ឌូណេស៊ីបានធ្វើឱ្យប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវរបស់កសិករ ហើយឥណ្ឌូណេស៊ីបានងាកមកទិញស្រូវចូលពីក្រៅប្រទេស ដើម្បីរក្សាបរិមាណស្រូវទុកផ្គត់ផ្គង់ពលរដ្ឋឱ្យបានគ្រប់គ្រាន់ ។ បញ្ហាគ្រោះរាំងស្ងួតរយៈពេលយូរបានធ្វើឱ្យទិន្នផលស្រូវធ្លាក់ចុះ និងជំរុញឱ្យតម្លៃស្រូវកើនឡើងខ្ពស់ ហើយវាបានប៉ះពាល់ដោយផ្ទាល់ដល់ពលរដ្ឋ ។
កសិករនិយាយថា បាតុភូតអេលនីណូធ្ងន់ធ្ងរនៅប្រទេសឥណ្ឌូណេស៊ីបានបង្កឱ្យមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំនានា ជាពិសេស ដំណាំស្រូវ ដែលជាអាហារដ៏សំខាន់របស់មនុស្សភាគច្រើនរស់នៅតំបន់អាស៊ីអាគ្នេយ៍ ។
លោក Yanto ជាម្ចាស់ភោជនីយដ្ឋានមួយកន្លែងនៅប្រទេសឥណ្ឌូណេស៊ី ដែលបានលក់ម្ហូបអាហារក្នុងតម្លៃធូរថ្លៃនិយាយថា ប្រាក់ចំណេញបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់ពីខែសីហា ឆ្នាំ២០២៣ ។ អតិថិជនភាគច្រើនមានប្រាក់ចំណូលតិចតួច ហើយធ្វើឱ្យភោជនីយដ្ឋានមិនអាចដំឡើងថ្លៃម្ហូបអាហារបានទេ ។ ហេតុនេះ យើងបានកាត់បន្ថយបរិមាណម្ហូបអាហារលក់ឱ្យអតិថិជន ដើម្បីកាត់បន្ថយការចំណាយដើមទុន ។
កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ លោក Arief Prasetyo Adi រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម និងជានាយកភ្នាក់ងារចំណីអាហារឥណ្ឌូណេស៊ីបានថ្លែងថា បាតុភូតអេលនីណូបានធ្វើឱ្យប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវរបស់ឥណ្ឌូណេស៊ី ដោយវាបានធ្លាក់ចុះចំនួន១លាន២សែនតោនពីគោលដៅផលិតស្រូវចំនួន៣០លានតោននៅឆ្នាំ២០២៣ ។
ពេលបរិមាណផលិតស្រូវមិនប្រាកដប្រជាបានធ្វើឱ្យអត្រាអតិផរណាកើនឡើងផងដែរ ។ ជាក់ស្តែង សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់នៅខែតុលា ឆ្នាំ២០២៣ ស្មើនឹង២,៥៦% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ ចំនួននេះខ្ពស់ជាងបន្តិច បើធៀបនឹងខែកញ្ញា ឆ្នាំ២០២៣ ដែលស្មើនឹង២,២៨% ដោយសារតម្លៃស្រូវអង្ករកើនឡើង ។
អ្នកជំនាញរំពឹងថា ស្រូវអង្ករជាកត្តាសំខាន់សម្រាប់កំណត់អត្រាអតិផរណាជារួមនៅឆ្នាំ២០២៣ ខណៈផលប៉ះពាល់ដោយសារបាតុភូតអេលនីណូនឹងបន្តរហូតដល់ខែមករា ឆ្នាំ២០២៤ បើទោះជាប្រទេសឥណ្ឌូណេស៊ីនឹងចូលដល់រដូវវស្សាក្តី ៕
ប្រភព ៖ AEC connect










