កូរ៉េខាងត្បូង៖ G-Dragon ដែលត្រូវបានគេស្គាល់ថាជា KING OF K-POP របស់កូរ៉េខាងត្បូង កំពុងស្ថិតនូវក្រោមការស៊ើបអង្កេតពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
យោងតាមប្រភពព័ត៌មាន Dispatch ដែលបានចុះផ្សាយកាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកាថា តារាចម្រៀងវ័យ ៣៥ឆ្នាំរូបនេះ បានទៅប៉ុស្តិ៍ប៉ូលីស Nonhyeon ក្នុងតំបន់ Gangnam តាមការកោះហៅពីអាជ្ញាធរ ដោយក្នុងពេលនោះ G-Dragon បានបង្ហាញខ្លួនជាមួយនឹងស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ អមដោយវ៉េនតាប្រណិត Jacques Marie Mage ដែលមានតម្លៃជាង ១,៣០០ ដុល្លារ។ មិនយូរប៉ុន្មានវេនតាទាំងនេះត្រូវបានលក់ដាច់គ្មានសល់រហូតដល់អស់ស្តុក នៅលើប្រព័ន្ធអនឡាញ។
G-Dragon ដែលជាប្រធានក្រុមរបស់ Big Bang ត្រូវបានជាប់ពាក់ព័ន្ធពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់កាលពីថ្ងៃទី២០ ខែតុលាកន្លងទៅ ប៉ុន្តែតារារូបនេះមិនត្រូវបានគេឃុំខ្លួននោះទេ។ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ G-Dragon បាននិយាយថា គាត់មិនបានប្រើប្រាស់គ្រឿងញៀនអ្វីទេ ហើយគាត់នឹងសម្របសម្រួលតាមការស៊ើបអង្កេតដើម្បីទទួលបានលទ្ធផលក្នុងពេលឆាប់ៗនេះ ដោយអ្នកគាំទ្រជាច្រើនក៏ជឿជាក់ដែលថា តារាចម្រៀងរូបនេះមិនបានប្រព្រឹត្តិខុសអ្វីនោះទេ។
គួរបញ្ជាក់ដែរថា កាលពីខែឧសភា ឆ្នាំ ២០១១ G-Dragon ត្រូវបានគេរកឃើញប្រើកញ្ឆានៅប្រទេសជប៉ុន ហើយបានធ្វើតេស្តវិជ្ជមានក្នុងខែកក្កដាឆ្នាំដដែល បន្ទាប់មកទទួលបានការកាត់ទោសព្យួរ។ ក្រៅពី G-Dragon សមាជិកបីនាក់ទៀតរបស់ Big Bang ដូចជា Seung Ri, TOP, និង Daesung ក៏ជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវទាក់ទងនឹងសារធាតុហាមឃាត់នេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន G-Dragon កំពុងស្ថិតក្នុងការសង្ស័យ នឹងត្រូវបានហាមមិនឱ្យចាកចេញពីប្រទេស ដោយរង់ចាំការស៊ើបអង្កេតជាមុនសិន។
G-Dragon គឺជាតារាចម្រៀងរបស់កូរ៉េខាងត្បូង អ្នកនិពន្ធបទចម្រៀង និងផលិតករឈានមុខគេ។ គាត់បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ ២០០៦ ក្នុងនាមជាអ្នកដឹកនាំក្រុម Big Bang ។ លើសពីនេះ G-Dragon បានបង្កើតអាជីពទោលរបស់គាត់ជាមួយនឹងអាល់ប៊ុមជាបន្តបន្ទាប់ដូចជា Heartbreaker, GD & TOP … ក៏ដូចជាត្រូវបានអ្នកគាំទ្រសរសើរថាជា “ស្តេច Kpop” ដោយសារតែភាពជោគជ័យ និងឥទ្ធិពលរបស់គាត់នៅក្នុងតន្ត្រី និងពិភពម៉ូដ៕