បវរកញ្ញាយុវតីចក្រវាលនៃកម្ពុជា (Miss Teen Of The Universe Cambodia) ណូ ហ្វារីដា បានឈ្នះលំដាប់រងទី៣នៅក្នុងកម្មវិធីប្រកួតអន្តរជាតិ Miss Teen of the Universe 2023 ដែលប្រព្រឹត្តទៅនៅឯប្រទេសឥណ្ឌា។ ជាមួយគ្នានេះ បវរកញ្ញាវ័យក្មេងរូបនេះក៏ឈ្នះឈុតរាត្រីស្រមោលសល្អផ្តាច់គេ (best Evening Gown) នៅក្នុងកម្មវិធីប្រកួតនេះផងដែរ។អ្នកស្នេហាវិស័យបវរកញ្ញា បានសម្តែងនូវអារម្មណ៍សប្បាយចិត្តរីករាយយ៉ាងខ្លាំងចំពោះបវរកញ្ញាវ័យក្មេង ណូ ហ្វារីដា ដែលបានលើកស្ទួយឈ្មោះប្រទេសកម្ពុជាតាមរយៈវិស័យបវរកញ្ញាចូលទៅកាន់ TOP5 នៃកម្មវិធីប្រកួត Miss Teen of the Universe 2023 ។ ក្នុងវគ្គផ្តាច់ព្រ័ត្រដែលប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះនៅឯប្រទេសឥណ្ឌាបវរកញ្ញាយុវតីរូបនេះ បានជាប់លំដាប់រងទី៣នៃកម្មវិធីប្រកួតក្នុងចំណោម២០ប្រទេសចូលរួម។
ភាពស្រស់ស្អាត លេចធ្លោ រួមជាមួយភាពជឿជាក់សមត្ថភាពដែលខ្លួនមានជំរុញឱ្យបវរកញ្ញាវ័យក្មេងរូបនេះមិនអាចឃ្លាតឆ្ងាយពីចក្ខុរបស់គណៈកម្មការបានឡើយរហូត ណូ ហ្វារីដា មានឱកាសចូលTOP នៅក្នុងកម្មវិធីប្រកួតអន្តរជាតិនេះ។ មិនត្រឹមតែទទួលលទ្ធផល លំដាប់រងទី៣ Miss Teen of the Universe 2023 ប៉ុណ្ណោះទេតែ ណូ ហ្វារីដា ក៏បានយកឈ្នះ best Evening Gown ផងដែរ។
សមិទ្ធផលនៃការប្រកួតរបស់បវរកញ្ញាយុវតីចក្រវាលនៃកម្ពុជារូបនេះនៅលើឆាកអន្តរជាតិអ្នកគាំទ្រជាច្រើនបានសម្តែងការសាទរចំពោះ ហ្វារីដា នាំយកជ័យជម្នះជូនអ្នកគាំទ្រកម្ពុជា។
ក្រោយពីទទួលបានលំដាប់រងទី៣ ណូ ហ្វារីដា ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដែរថាការខិតខំរបស់នាងអស់រយៈពេលជាយូរមិនអត់ប្រយោជន៍នោះទេលើវិស័យនេះ ព្រោះពាក្យថាក្តីសុបិន អ្នកឈ្នះមិនដែលចុះចាញ់ អ្នកចុះចាញ់មិនដែលឈ្នះ។
គួរបញ្ជាក់ថា ម្ចាស់មកុដ Miss Teen of the Universe 2023 នៅបានទៅលើប្រទេស
ហូឡង់ លំដាប់រងទី១ បានទៅលើ វេណេស៊ុយអេឡា លំដាប់រងទី២ បានទៅលើប្រទេសឥណ្ឌា លំដាប់រងទី៣ បានមកលើកម្ពុជា និងលំដាប់រងទី៤ បានទៅលើប្រទេសឥណ្ឌូនេស៊ី។
មុនតំណាងប្រទេសចូលរួមប្រកួតកម្មវិធីខាងលើនេះ ណូ ហ្វារីដា ក៏ធ្លាប់មានឱកាសតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី «Miss Teen Charm 2022» នៅឯប្រទេស កូឡុំប៊ី ផងដែរ៕