បរទេស៖ ប្រទេសនេប៉ាល់បានជួបប្រទះនឹងការរញ្ជួយដីកម្រិត ៥.៦ រិចទ័រនៅតំបន់ភាគខាងលិចនៃស្រុក Jajarkot ដែលបណ្តាលឱ្យមនុស្សចំនួន ១២៩ នាក់ស្លាប់ និងមនុស្ស ១៤០ ទៀតបានរងរបួស។
យោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍នៅថ្ងៃទី៤ ខែវិច្ឆិកាថ្មីៗនេះថា ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៣ វិច្ឆិកា ក្នុងតំបន់ខាងលិចនៃស្រុក Jajarkot ប្រទេសនេប៉ាល់ ដោយអាគារធំៗជាច្រើនបានដួលរលំ ខណៈដែលមន្ត្រីបានព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង។
បច្ចុប្បន្ន កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយដើម្បីផ្តល់ជំនួយដល់ប្រជាជននៅតំបន់ខាងលិចនៃ Jajarkot ដែលមានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រពីរដ្ឋធានី Kathmandu។ ការរញ្ជួយដីនេះបានបង្កើតភាពញ័រខ្លាំងដែលមានអារម្មណ៍ឆ្ងាយដូចជារដ្ឋធានីរបស់ប្រទេសនេប៉ាល់ រួមទាំងញូវដេលីប្រទេសឥណ្ឌា។
រដ្ឋមន្ត្រីនេប៉ាល់ បាននិយាយថា ការរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១១ និង ៤៧ នាទីយប់ ខណៈពេលដែលកម្លាំងរញ្ជួយនេះត្រូវបានគេវាស់វែងថាមានកម្រិត ៥,៦ រ៉ិចទ័រដែលជាការរញ្ជួយដីរាក់។
ទោះជាយ៉ាងណាក៏ដោយ នេប៉ាល់គឺជាប្រទេសមួយដែលស្ថិតនៅលើភ្នំហិម៉ាឡៃ ដែលត្រូវបានគេចាត់ទុកជាប្រទេសមានការរញ្ជួយដីច្រើនផងផងដែរ ដោយកាលពីខែតុលាកន្លងទៅ គ្រោះរញ្ជួយដីកម្រិត ៦.៣ រ៉ិចទ័រ បានកើតឡើងនៅស្រុក Bajhang ភាគខាងលិច ដែលបណ្តាលឱ្យមនុស្សមួយចំនួនធំរងរបួស។
ក្នុងឆ្នាំ ២០១៥ ប្រទេសនេប៉ាល់បានរងគ្រោះដោយការរញ្ជួយដីដ៏ខ្លាំងចំនួនពីរដែលបណ្តាលឱ្យមនុស្សជិត ៩,០០០ នាក់បានស្លាប់និង ២២,៣០៩ នាក់រងរបួស។ ការរញ្ជួយដីលើកទី ១ បានកើតឡើងនៅថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០១៥ ដែលមានកម្រិត ៧.៨ រិចទ័របានបណ្តាលឱ្យមានការខូចខាតនិងស្លាប់ដល់ពលរដ្ឋនេប៉ាល់ជាច្រើន ហើយក៏មានការរញ្ជួយដីកម្រិត ៧,៣ រ៉ិចទ័រក្នុងខែឧសភាផងដែរ៕