ប្រទេសថៃ ៖ ពលរដ្ឋរស់នៅស្រុកខោវង់ ខេត្តកាឡាក់ស៊ីន ប្រទេសថៃ បានប្រើប្រាស់កង់ធ្វើជាឧបករណ៍សម្រាប់ការប្រមូលផលស្រូវ ក្រោយពីពួកគេបានច្រូតស្រូវរួចរាល់ ។ ពលរដ្ឋនិយាយថា ការប្រមូលផលស្រូវតាមវិធីនេះ គឺពួកគេចេះមកពីបុព្វបុរស ហើយពួកគេមិនចាំបាច់បញ្ចេញកម្លាំងច្រើននោះទេ ខណៈគ្រាប់ស្រូវដែលបានមមក មានសភាពល្អដូចដើម និងមិនបាក់ជាកំណាត់ ។
ចំពោះវិធីប្រមូលផលស្រូវដោយប្រើប្រាស់កង់ គឺត្រូវដាក់បញ្ឈរកង់ ដោយឱ្យកង់ទាំងពីររបស់វាស្ថិតនៅផ្នែកខាងលើ ហើយមានមនុស្សម្នាក់អង្គុយចាំបង្វិលកង់ឱ្យវិល ខណៈមនុស្សម្នាក់ទៀតយកកណ្តាប់ស្រូវដែលបានចងជាបាច់រួចហើយមកដាក់ពីលើវា ។ ដូច្នេះ គ្រាប់ស្រូវនឹងធ្លាក់ចេញពីកណ្តាប់អស់គ្មានសល់ ហើយគ្រាប់ស្រូវទាំងនេះមានសភាពល្អស្អាត និងមិនបាក់ ។
ស្ត្រីម្នាក់ដែលកំពុងប្រមូលផលស្រូវជាមួយកសិករផ្សេងទៀតនិយាយថា ៖ «វិធីប្រមូលផលស្រូវដោយប្រើប្រាស់កង់ គឺឆាប់រហ័ស ហើយនៅពេលយកស្រូវទៅកិននៅរោងម៉ាស៊ីនកិនស្រូវ គឺគ្រាប់អង្ករនៅតែមានសភាពល្អ និងមិនបាក់ជាកំណត់ទេ ។ ប៉ុន្តែការប្រមូលផលស្រូវតាមវិធីនេះ ត្រូវយកដៃរបស់យើងមកជួយផងដែរ ដើម្បីឱ្យគ្រាប់ស្រូវធ្លាក់ចេញអស់ពីដើម ។ ទោះយ៉ាងណា ការប្រើប្រាស់ដៃអាចមានគ្រោះថ្នាក់ ប្រសិនបើមិនប្រុងប្រយ័ត្ន» ។
ស្ត្រីរូបនេះបន្តទៀតថា ៖ «ដូច្នេះ អ្នកធ្វើការងារនេះត្រូវតែមានជំនាញច្បាស់លាស់ និងប្រុងប្រយ័ត្នជានិច្ច ។ ការប្រមូលស្រូវតាមវិធីខាងលើ គឺជាគំនិតច្នៃប្រឌិតរបស់អ្នកភូមិបន្តតាំងពីសម័យបុព្វបុរសមកម្ល៉េះ ហើយក៏បានទាញផលប្រយោជន៍ពីកង់ផងដែរ» ៕ ប្រភព ៖ CNews