ប្រទេសថៃ ៖ ក្រោយពីទំព័រហ្វេសប៊ុកមួយនៅប្រទេសថៃបានបង្ហោះរូបភាពគំនរសំរាម ព្រមទាំងសរសេរថា «ខ្យល់រងាមកដល់ហើយ និងធុំក្លិនជូរចេញពីភ្នំសំរាម» បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់ចូលមកបញ្ចេញមតិ ដូចជា ៖ «សំរាមនេះបានកើតឡើងដោយសារតែមនុស្សគ្រប់គ្នា» ។ ចំណែកពលរដ្ឋថៃម្នាក់ទៀតនិយាយថា ៖ «បញ្ហាសំរាមនេះ គ្មានអ្នកណាហ៊ានចូលមកដោះស្រាយទេ» ។ ពលរដ្ឋថៃម្នាក់ទៀតថា ៖ «ទទួលយកបរិយាកាសបែបនេះ ធ្វើឱ្យចិត្តស្រស់ស្រាយ ។ នេះហើយទីក្រុងគួរឱ្យចង់រស់នៅ ហើយក្លិននេះសាយភាយមកដល់សាលារៀនទៀតផង» ។
នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមសារព័ត៌មានថៃ Mono News បានធ្វើដំណើរមកដល់បរិវេណរណ្តៅសំរាមឈ្មោះ «ព្រេកសា» ដែលស្ថិតនៅឃុំព្រេកសា ស្រុកមឿងសមុទ្រប្រាកាន ខេត្តសមុទ្រប្រាកាន ប្រទេសថៃ ឃើញថា រណ្តៅសំរាមនេះមានកម្ពស់ខ្ពស់ស្មើនឹងភ្នំមួយ ហើយវាបានបញ្ចេញក្លិនស្អុយយ៉ាងខ្លាំង ។ ចំណែកពលរដ្ឋរស់នៅក្បែរនោះប្រាប់ថា បច្ចុប្បន្ន ពួកគេបារម្ភពីផលប៉ះពាល់សុខភាព ដោយសារសំរាមមានក្លិនស្អុយ ។
លោក ណុច ជាអ្នកស្រុកមានផ្ទះនៅឆ្ងាយពីរណ្តៅសំរាមមិនដល់១គីឡូម៉ែត្រប្រាប់ថា លោកបានរស់នៅទីនេះអស់រយៈពេល៣០ឆ្នាំហើយ ។ កាលពីមុន គំនរសំរាមនេះមិនខ្ពស់ដូចពេលនេះទេ ប៉ុន្តែបច្ចុប្បន្ន គំនរសំរាមខ្ពស់ខ្លាំងណាស់ ។ លើសពីនេះ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខ្យល់ត្រជាក់ចាប់ផ្តើមបក់មក ហើយនាំយកក្លិនស្អុយមកជាមួយដែរ គឺស្អុយចាប់ពីពេលរសៀល រហូតដល់ពេលល្ងាច ប៉ុន្តែវាមិនស្អុយខ្លាំងដូចនៅខែវស្សាទេ ។ លោកបារម្ភថា សត្វរុយចេញពីគំនរសំរាមនឹងចម្លងរោគមកពលរដ្ឋរស់នៅក្នុងភូមិរបស់លោក ។
ចំណែកបុគ្គលិកផ្នែកប្រមូលសំរាមនៅរណ្តៅសំរាម «ព្រេកសា» និយាយថា បច្ចុប្បន្ន ខ្លួន និងក្រុមការងារបានប្រមូលសំរាមចាប់ពី៩តោន រហូតដល់១០តោនក្នុង១ថ្ងៃ ។ បរិមាណសំរាមនេះចាត់ទុកថា បានកើនឡើងយ៉ាងខ្លាំង ហើយក្រុមការងារប្រមូលសំរាមត្រូវបន្ថែមកម្លាំងច្រើនដើម្បីប្រមូលសំរាមទាំងនេះ ដែលខុសពីឆ្នាំមុនៗ ៕ ប្រភព ៖ Mono News