ឆ្មា គឺសត្វដែលមានភាពឆ្លាតវៃ និងរហ័សរហួន ក៏ដូចជាមានជំនាញ និងសម្ថភាពពិសេសប្លែកៗខុសពីសត្វដទៃ ដោយជាទូទៅវាតែងតែរស់នៅប្រាស្រ័យទាក់ទងជាមួយនឹងមនុស្ស។ ដូច្នេះហើយ យោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី Behavioral Processes កាលពីខែមុន អ្នកវិទ្យាសាស្ត្រអាមេរិកពីរនាក់បានរាប់ចំនួន ២៧៦ ដងនៃទឹកមុខផ្សេងៗគ្នារបស់សត្វឆ្មា នៅពេលដែលឆ្មាក្នុងស្រុកមានទំនាក់ទំនងគ្នាទៅវិញទៅមក។
លោក Brittany Florkiewicz សហអ្នកនិពន្ធការសិក្សា និងជាចិត្តវិទូវិវត្តនៅមហាវិទ្យាល័យ Lyon ក្នុងរដ្ឋ Arkansas បាននិយាយថា ការប្រាស្រ័យទាក់ទងរបស់សត្វឆ្មាគឺមានភាពស្មុគស្មាញខ្លាំងណាស់។ លោក Florkiewicz ក៏បានពន្យល់ដែរថា ឆ្មាដែលចិញ្ចឹមតាមផ្ទះជាធម្មតាមានភាពអត់ធ្មត់ក្នុងសង្គមជាងសត្វឆ្មាព្រៃ ទោះជាយ៉ាងណាក៏ដោយសត្វឆ្មាទាំងនោះបានផ្លាស់ប្តូរទឹកមុខភ្លាមៗ នៅពេលដែលពួកវាធ្វើការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដោយការស្រាវជ្រាវបានរកឃើញថា សត្វឆ្មាទាំងនោះបានផ្លាស់ប្តូរទឹកមុខរហូតទៅដល់ ២៧៦ ដងខុសៗគ្នា។
ដូច្នេះ ដើម្បីប្រមូលទិន្នន័យទាំងអស់នេះបាន អ្នកស្រាវជ្រាវបានធ្វើការពិសោធន៍ ដោយយកសត្វឆ្មាចំនួន ៥៣ ក្បាលនៅហាងកាហ្វេក្នុងស្រុកមួយ ទៅដាក់នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ឡូសអេនជឺលេស ចន្លោះខែសីហា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ ២០២២ ពីការថតវីដេអូរយៈពេល ១៩៤ នាទី ដោយបានកត់ត្រាទំនាក់ទំនងសត្វឆ្មាសរុបចំនួន ១៨៦ ក្បាល ហើយក៏បានរកឃើញរឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត។ ដោយក្នុងកាមេរានោះគេរកឃើញថា សត្វឆ្មាចំនួន ៥៣ ក្បាលដែលមកពីហាងកាហ្វេក្នុងស្រុកមួយកន្លែងនោះ បានផ្លាស់ប្តូរទឹកមុខនៅពេលដែលវាបានឃើញសត្វឆ្មាដទៃទៀត ហើយអ្នកស្រាវជ្រាវក៏បានរាប់ចំនួននៃការផ្លាស់ប្តូរទឹកមុខរបស់ពួកវា ដោយរកឃើញថាសត្វឆ្មាទាំងអស់ពិតជាមានសមត្ថភាពអាចប្តូរទឹកមុខបានរហូតដល់ ២៧៦ ដងខុសៗគ្នាពិតប្រាកដមែន។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវមិនទាន់ដឹងច្បាស់ពីអត្ថន័យនៃការបញ្ចេញទឹកមុខប្លែកៗរបស់សត្វឆ្មាទាំងអស់នោះទេ ដោយពួកគេសង្ឃឹមថានឹងសិក្សាបន្ថែមអំពីជម្រៅចិត្តរបស់សត្វឆ្មា ដើម្បីកំណត់ពីអត្ថន័យនៃការបញ្ចេញទឹកមុខរបស់ពួកវា៕